រោងចក្រដំឡើងរថយន្ត Jetour នៃក្រុមហ៊ុន KNN GROUP របស់ អ្នកឧកញ៉ា ជាម ឃុនណាត បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

កាលពីព្រឹកថ្ងៃ ២៦ ខែកក្កដា ឆ្នាំ ២០២៦ ក្រុមហ៊ុន KNN Group បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត Jetour ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (CDC) លោក ជា វុទ្ធី។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល KNN Group និងលោកជំទាវ, គណៈគ្រប់គ្រងជាន់ខ្ពស់, បុគ្គលិក, ដៃគូអាជីវកម្ម, អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនកុះករផងដែរ។

លោក ជា វុទ្ធី បានសម្ដែងនូវការអបអរសាទរចំពោះការសម្រេចចិត្តវិនិយោគដ៏សំខាន់នេះ ដោយចាត់ទុកថា ជាការវិនិយោគដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើតការងារ និងការអភិវឌ្ឍវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា។
គម្រោងរោងចក្រដំឡើងរថយន្ត Jetour មានទុនវិនិយោគសរុប ២៨ លានដុល្លារ លើផ្ទៃដីសរុប ១០ ហិកតា ដែលរំពឹងថានឹងចាប់ផ្ដើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។ រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០ ០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទរួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គិសនីលាយសាំង (PHEV) និងប្រភេទអគ្គិសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត៕






អត្ថបទ៖ ឆដា, រូបភាព៖ Jetour Cambodia




