KNN Group របស់អ្នកឧកញ៉ា ជាម ឃុនណាត ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្លូវការរថយន្ត JETOUR នៅកម្ពុជា នឹងវិនិយោគ ២៨ លានដុល្លារ សាងសង់រោងចក្រដំឡើងរថយន្ត JETOUR លើផ្ទៃដីទំហំ ១០ហិកតា ក្នុងខេត្តកណ្ដាល។

រោងចក្រដំឡើងរថយន្តលំដាប់ខ្ពស់ JETOUR នឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ២៦ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ ដែលស្ថិតនៅតំបន់យុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ គម្រោងរោងចក្រដែលបោះទុនវិនិយោគ ២៨ លានដុល្លារនេះ នឹងសាងសង់លើផ្ទៃដីទំហំ ១០ហិកតា ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ការវិនិយោគលើរោងចក្រដំឡើងរថយន្ត JETOUR នេះ មិនត្រឹមបង្ហាញពីការពង្រីកវិសាលភាពអាជីវកម្មរបស់ KNN Group ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនុកចិត្តដ៏មុតមាំរបស់វិនិយោគិន មកលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។
ការបង្កើតរោងចក្រនេះ វានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មយានយន្តក្នុងស្រុកឲ្យកាន់តែមានភាពប្រកួតប្រជែង ព្រមទាំងផ្ដល់បច្ចេកវិទ្យាដំឡើងរថយន្តទំនើបតាមស្តង់ដារអន្តរជាតិ ដែលធានាបានគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់រថយន្តនៅកម្ពុជា។
ក្រុមហ៊ុន KNN Group រំពឹងយ៉ាងមុតមាំថា ការបង្កើតរោងចក្រដំឡើងរថយន្ត JETOUR នេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដំឡើងរថយន្តដ៏ទាក់ទាញនៅក្នុងតំបន់។ គម្រោងនេះត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករថ្មីមួយទៀតក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិឲ្យមកបណ្ដាក់ទុនកាន់តែច្រើន ក្នុងវិស័យឧស្សាហកម្មផលិតកម្មនៅកម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ Jetour Cambodia




