កម្ពុជា-អាម៉េរិក បន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា

កម្ពុជា និងសហរដ្ឋអាម៉េរិក បានបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា តាមរយៈកិច្ចពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុង​​ឱកាសដែលលោកស្រី Aleksandra Zittle ទើបទទួលបានការចាត់តាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានរំលេចជាពិសេសលើ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Agreement on Reciprocal Trade – ART) ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ដែលបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ក្នុងគោលដៅលើកកម្ពស់ភាពប្រាកដប្រជានៃបរិយាកាសធុរកិច្ច និងការបើកចំហទីផ្សារសេរីរវាងប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការចុះកិច្ចសន្យាហោះហើរតាមផ្លូវអាកាសជាប្រវត្តិសាស្ត្រ (Air Transport Agreement / Open Skies) ដែលភាគីទាំងពីរទើបតែបានសម្រេចការចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលជាកិច្ចព្រមព្រៀងបើកចំហជើងហោះហើរទ្វេភាគីលើកដំបូងបំផុត សំដៅធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល បង្កើតបណ្តាញតភ្ជាប់ជើងហោះហើរត្រង់ និងលើកកម្ពស់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។

ឆ្លើយយតបទៅនឹង បដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, លោកស្រីភារធារី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញនូវក្តីរំភើបរីករាយដែលបានវិលត្រឡប់មកបំពេញបេសកកម្មការទូតនៅកម្ពុជាជាថ្មីម្តងទៀត ដោយលោកស្រីបានរំឮកអំពីប្រវត្តិនៃការបំពេញការងារជា ប្រធានផ្នែកនយោបាយសេដ្ឋកិច្ច (Political-Economic Chief) នៃស្ថានទូតសហរដ្ឋអាម៉េរិកនាពេលកន្លងទៅ។

ផ្អែកលើមូលដ្ឋាននេះ លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើននិងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេលដែលលោកស្រីបានបំពេញការងារកាលពីអាណត្តិមុន។

បន្ថែមពីនោះ លោកស្រីភារធារី បានសម្តែងនូវការស្ញើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំពោះរូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពរស់រវើក ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជាស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។

ក្នុងជំនួបនារសៀលនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញ៖ (១) ការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, (២) ការលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, (៤) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និង (៥) គោលជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយនឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។

ជាមួយគ្នានេះ លោកស្រីភារធារI បានបញ្ជាក់ជាថ្មីពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល។

ជំនួបពិភាក្សាការងារនាឱកាសនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល បើកចំហ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈរួមដ៏មោះមុតក្នុងការបន្តពង្រឹងចំណងមិត្តភាព ព្រមទាំងពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែមានភាពស៊ីជម្រៅ រឹងមាំ និងហុចផលប្រយោជន៍ទៅវិញទៅមក ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃប្រជាជាតិទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ទៅថ្ងៃអនាគត។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបានឈានដល់ជាង ៧,៤ ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆមាសទីមួយ ឆ្នាំ ២០២៦ កើនឡើង ៣១,៤ ភាគរយ ធៀបនឹងឆ្នាំមុន។

ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ២៩,៨ ភាគរយដល់ ៥,៦ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីសហរដ្ឋអាមេរិកបានកើនឡើង ៨៦,៤ ភាគរយដល់ ៣០៧ លានដុល្លារ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times