សម្តេចធិបតី លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ រួមគិត រួមធ្វើ និងលើកស្ទួយការអភិវឌ្ឍវិស័យ SME

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ជួយបញ្ចេញមតិយោបល់ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរ ពិសេសគឺលើកស្ទួយការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម (SME)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦ នេះថា សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។

សម្តេចបានបន្តថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ជាការពិតណាស់ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើនដែលយើងសម្រេចបាននាពេលកន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយដើម្បីពង្រឹងវិស័យ SME ឱ្យកាន់តែរឹងមាំ»។

នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារៈសំខាន់។

ក្នុងគោលដៅនេះ សម្តេចធិបតី បានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ។

ក្នុងការរៀបចំនិងដាក់ចេញនូវគោលនយោបាយក៏ដូចជាវិធានការនីមួយៗនាពេលកន្លងមក រាជរដ្ឋាភិបាលតែងតែធ្វើការសិក្សាលំអិត ក៏ដូចជាពិភាក្សាជាមួយតំណាង SME វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលយកធ្វើជាមូលដ្ឋាន។

ក្នុងន័យនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា, សម្តេចធិបតី ស្វាគមន៍មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរក្នុងវិស័យ SME ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាក្នុងការដោះស្រាយចំពោះបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចឬមធ្យមកំពុងជួបប្រទះ។ មតិយោបល់ទាំងនេះ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់រាជរដ្ឋាភិបាលធ្វើជាមូលដ្ឋានសម្រាប់ការដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយបញ្ហាសម្រាប់ SME ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times