គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ ជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការប្រមាណ ៣.៥១ ពាន់លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអាទិភាពនានារបស់កម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
នាព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែល ឯកឧត្តមបញ្ចប់អាណត្តិដ៏ឧត្តុង្គឧត្តមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបលា ។
ក្នុងកិច្ចជំនួបពិភាក្សា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជារហូតដល់បច្ចុប្បន្នកាលនេះ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ជប៉ុន បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance - ODA) ដោយផ្តោតអាទិភាពក្នុងការផ្តល់ឥណទានសម្បទាន ស្របតាមយុទ្ធសាស្ត្រ, ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានារបស់កម្ពុជា។
ជាក់ស្តែង, តាមរយៈទីភ្នាក់ងារ JICA ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ, មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩ សម្រាប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីចំនួន ២៥ មានទឹកប្រាក់ សរុបចំនួន ៤២២ ១៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ក្នុងនោះ គម្រោង/កម្មវិធីកំពុងដំណើរការសរុបចំនួន ១២ និងគម្រោង/កម្មវិធីបានបញ្ចប់សរុបចំនួន ១៣។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម UENO Atsushi ផ្ទាល់ ដែលឯកឧត្តមបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានស្នាដៃដ៏ធំនៅក្នុងការបំពេញភារកិច្ចជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ក្នុងអាណត្តិរបស់ឯកឧត្តម UENO Atsushi ចាប់ពីឆ្នាំ ២០២៣ ដល់ដំណាច់ឆ្នាំ ២០២៦ នេះ។ ក្នុងនោះ, កម្ពុជាទទួលបានហិរញ្ញប្បទានសរុបចំនួន ២៦ គម្រោង/កម្មវិធី ដែលមានឥណទានសម្បទានសរុបចំនួន ១៤ គម្រោង/កម្មវិធី និងហិរញ្ញប្បទានឥតសំណងសរុបចំនួន ១២ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១ ៦៥២ លានដុល្លារ អាម៉េរិក។
សម្រាប់ឆ្នាំ ២០២៦, ឥណទានសម្បទានសរុបចំនួន ៦ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ៧០០ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួន ៣ គម្រោង/កម្មវិធី មានទឹកប្រាក់សរុបប្រមាណ ១១ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ, រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់កញ្ចប់ឥណទានសម្បទានថ្មី ចំនួន ១ កម្មវិធី បន្ថែមទៀត មានទឹកប្រាក់ចំនួន ១៨៨ លានដុល្លារអាម៉េរិក ដែលគ្រោងនឹងចុះហត្ថលេខាក្នុងឆ្នាំ ២០២៦ នេះផងដែរ។
ក្រៅពីឥណទានសម្បទានដែលទទួលបានពីភាគីមិត្តជប៉ុនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា, កម្ពុជា ក៏ នៅមានតម្រូវការ និងរៀនសូត្របន្ថែមទៀតពីមិត្តជប៉ុន លើគ្រប់វិស័យ ដូចជា ការវិនិយោគ និងការចូលរួមវិនិយោគពីវិស័យឯកជន, អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ចបៃតង, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistics), សេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសផ្នែកជំនាញទន់ (Soft Skills) ជាដើម។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ទទួលបាននូវជោគជ័យបន្តទៀតសម្រាប់ការបំពេញភារកិច្ចថ្មីរបស់ឯកឧត្តម៕
អត្ថបទ៖ ប៊ី








