ទីក្រុងប៉េកាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រុមហ៊ុន Haier Group ពង្រីកវិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាល ចាត់ទុកវិស័យបច្ចេកវិទ្យាជាវិស័យសំខាន់មួយជួយជំរុញកំណើនសេដ្ឋកិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញ និងលើកទឹកចិត្តបែបនេះ នាឱកាសអនុញ្ញាតឱ្យលោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ទីក្រុងប៉េកាំង។
ជំនួបដ៏សំខាន់នេះធ្វើឡើងក្នុង អំឡុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ (ថ្ងៃទី១៥-១៧ ខែកក្កដា) របស់សម្តេចធិបតីនៅប្រទេសចិន ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការទាក់ទាញវិនិយោគបច្ចេកវិទ្យាឈានមុខគេពីសកលលោក។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Diao Yunfeng បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីឱកាសពង្រីកវត្តមានរបស់ក្រុមហ៊ុន Haier Group នៅកម្ពុជា។ Haier Group គឺជាសាជីវកម្មពហុជាតិយក្សមួយរបស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Qingdao ខេត្ត Shandong បង្កើតឡើងក្នុងឆ្នាំ១៩៨៤ និងមានប្រតិបត្តិការអាជីវកម្មរួមមានផ្ទះឆ្លាតវៃ (Smart Home) ប្រព័ន្ធ IoT Ecosystem និងថាមពលឆ្លាតវៃ ព្រមទាំងអ៊ីនធឺណិតឧស្សាហកម្ម (Industrial Internet)។
លើសពីនេះទៅទៀត ជំនួបនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការទាក់ទាញវិនិយោគិនបច្ចេកវិទ្យាឈានមុខគេមកកាន់ប្រទេសកម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យាប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៃការក្លាយជាប្រទេសមានចំណូលខ្ពស់។
ភាពលេចធ្លោរបស់ក្រុមហ៊ុន Haier Group នៅលើឆាកអន្តរជាតិ៖ ក្រុមហ៊ុននេះមានចំណូលសកលឆ្នាំ២០២៥ សរុបចំនួន ៤២៦.៨ ពាន់លានយន់ (ប្រមាណ ៥៩.៨ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញសកលចំនួន ៣២.២ ពាន់លានយន់ (ប្រមាណ ៤.៥ ពាន់លានដុល្លារអាមេរិក)។ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ១៤៦,០០០ នាក់នៅទូទាំងពិភពលោក និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៨។ គួររំលេចថា Haier Group ត្រូវបានចាត់ចំណាត់ថ្នាក់លេខ១ ផ្នែកចំណែកទីផ្សារម៉ាកគ្រឿងប្រើប្រាស់ក្នុងផ្ទះធំៗសកល ដោយក្រុមហ៊ុនស្រាវជ្រាវ Euromonitor International រយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ដែលបញ្ជាក់ពីកម្លាំងផលិតកម្ម និងការច្នៃប្រឌិតថ្មីគ្មានគូប្រៀបរបស់ក្រុមហ៊ុន។
កិច្ចសហប្រតិបត្តិការជាក់ស្ដែងនៅកម្ពុជា និងកំណើតម៉ាកយីហោ KHaitech៖
បច្ចុប្បន្ននេះ Haier Group កំពុងពង្រីកវត្តមាននៅកម្ពុជាយ៉ាងសកម្ម តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Haier Haitech ដោយសហការជាមួយក្រុមហ៊ុន SAM SN GROUP របស់អ្នកឧកញ៉ា សំ សុខនឿន បង្កើតជាក្រុមហ៊ុនបណ្ដាក់រួមទុន KH Haitech Co., Ltd។ ក្រុមហ៊ុននេះបានបង្កើតនូវម៉ាកយីហោឧបករណ៍អេឡិចត្រូនិកកម្ពុជាដំបូងគេគឺ «K Haitech» ដែលជាមោទនភាពជាតិក្នុងការបង្កើតផលិតផលបច្ចេកវិទ្យាក្រោមម៉ាកកម្ពុជាសុទ្ធសាធ។
គម្រោងរោងចក្រផលិតថេប្លេត និងទុនវិនិយោគ៖
គម្រោងសហការនេះកំពុងសាងសង់រោងចក្រផលិតថេប្លេតម៉ាកកម្ពុជាដំបូងគេ ដែលមានទុនវិនិយោគប្រមាណ ១០ លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលដំបូង។ រោងចក្រនេះគ្រោងនឹងដំណើរការនៅឆ្នាំ២០២៧ ដោយមានគោលដៅផលិតថេប្លេតចំនួន ១០,០០០ គ្រឿងសម្រាប់ទីផ្សារក្នុងស្រុកក្នុងដំណាក់កាលដំបូង។ ចំណុចពិសេសនោះគឺថេប្លេតទាំងនេះជាម៉ាកកម្ពុជា «K Haitech» សុទ្ធសាធ មិនមែនជាម៉ាកបរទេសទេ ប៉ុន្តែបច្ចេកវិទ្យាបានមកពីក្រុមហ៊ុន Haier Group ដែលបង្ហាញពីការផ្ទេរបច្ចេកវិទ្យាប្រកបដោយតម្លាភាព និងនិរន្តរភាព។ ក្រុមហ៊ុន KH Haitech បានបញ្ចប់ការចុះបញ្ជី និងចុះកិច្ចការពារម៉ាកសញ្ញា (Trademark) រួចរាល់ជាស្ថាពរ ហើយកំពុងបន្តនីតិវិធីស្នើសុំអាជ្ញាបណ្ណពីក្រសួងពាក់ព័ន្ធ។
គោលដៅ និងអត្ថប្រយោជន៍នៃគម្រោង៖
គម្រោងនេះមិនត្រឹមតែជាការវិនិយោគលើផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់គោលដៅឧស្សាហកម្ម ៤.០ របស់កម្ពុជា និងជួយបង្រួមគម្លាតឌីជីថលនៅក្នុងសង្គម។ ដំណាក់កាលដំបូងផ្ដោតលើវិស័យអប់រំតាមប្រព័ន្ធអេឡិចត្រូនិក (e-education) ដោយផ្ដល់ថេប្លេតតម្លៃសមរម្យដល់សិស្សានុសិស្ស និងកម្មករក្នុងវិស័យក្រៅប្រព័ន្ធ ព្រមទាំងវេទិកាបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីនេះ គម្រោងនឹងគាំទ្រដល់ការផ្លាស់ប្ដូរឌីជីថលរបស់កម្ពុជាក្នុងវិស័យដទៃទៀត ដូចជាការថែទាំសុខភាពតាមប្រព័ន្ធអេឡិចត្រូនិក និងផលិតកម្មឆ្លាតវៃជាដើម។
ចក្ខុវិស័យអនាគត៖
ក្រុមហ៊ុន KH Haitech កំពុងបង្កើតរោងចក្រផលិតកម្មទំនើបដែលមានស្វ័យប្រវត្តិកម្មខ្ពស់ និងតំបន់ឧស្សាហកម្មបៃតងថ្មីនៅកម្ពុជា ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា ការបង្កើតការងារជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍជំនាញឌីជីថលក្នុងមូលដ្ឋាន។ គម្រោងនេះផ្តោតលើដំណោះស្រាយឌីជីថល និងផលិតកម្មកម្រិតខ្ពស់ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក កាត់បន្ថយការនាំចូលគ្រឿងអេឡិចត្រូនិកពីបរទេស និងជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព៕
អត្ថបទ៖ ប៊ី













