ឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជា​នាំទំនិញ​ចេញ​ទៅ​ទីផ្សារអន្តរជាតិ​មាន​តម្លៃប្រមាណ ​១៧ ​ពាន់លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជា​នាំទំនិញ​ចេញ​ទៅ​ទីផ្សារអន្តរជាតិ​មាន​តម្លៃប្រមាណ ​១៧ ​ពាន់លានដុល្លារ ​កើនឡើង ១៩,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្មីៗនេះ។

ទន្ទឹមនេះ ទិន្នន័យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​បង្ហាញក៏ផងដែរថា ​ ​កម្ពុជាបានទំនិញ​នាំ​ចូល​មក​វិញ​មាន​តម្លៃជាង​ ១៩,៧៦ ​ពាន់លានដុល្លារ ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៦ ​កើនឡើង​ ២១,៤ ភាគរយ ធៀបនឹងរបយៈពេលដូចគ្នាកាលមុន។​

ជារួម ការដោះដូរទំនិញរវាងកម្ពុជា និងដៃគូរពាណិជ្ជកម្មអន្តរជាតិសំខាន់សម្រេចបានទឹកប្រាក់ជាង ៣៦,៨៤ ពាន់ដុល្លារអាម៉េរិក កើនឡើងជាង២០ ភាគរយ បកើនពីចំនួនជាង ៣០​ ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន។

មហាយក្សចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មជាង ១១​ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៥.៤ ភាគរយ ក្នុងនោះ ការនាំចេញទៅចិនកើនឡើង ២៥.៧ ភាគរយ និងការនាំចូលពីចិនកើនឡើង ២៥.៤ ភាគរយ។

សហរដ្ឋអាម៉េរិកបន្តជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់កម្ពុជា ដោយមានការនាំចេញក្នុងទំហំទឹកប្រាក់ជាង ៧ពាន់លានដុល្លារកើនឡើង ២៩.៨ ភាគរយ។ ចំណែក​ ប្រទេសវៀតណាម ជប៉ុន និងថៃ ក៏បានបង្ហាញពីកំណើនទំហំពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ផងដែរ។

របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងបង្ហាញភាពធន់ ដោយមានការទ្រទ្រង់ពីការកើនឡើងនៃការវិនិយោគបរទេស និងការនាំចេញដ៏រឹងមាំ បើទុកជាការកើន​​ឡើងនៃថ្លៃប្រេងឥន្ធនៈកំពុងដាក់សម្ពាធលើអាជីវកម្ម និងគ្រួសារកម្ពុជា ក៏ដោយ។

របាយការណ៍ បានឱ្យដឹងទៀតថា ការវិនិយោគផ្ទាល់ពីបរទេសបានឡើងដល់ ៥,១ ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ដោយជួយបង្កើតការងារផ្លូវការប្រមាណ ៤០០ ០០០ ការងារ ហើយតាមរយៈនេះវាបានផ្តល់ឱកាសការងារសំខាន់ៗច្រើន សម្រាប់​កម្មករដែលប្តូរពីវិស័យកសិកម្ម និងសម្រាប់ពលករចំណាកស្រុកដែលបានត្រឡប់មកពីប្រទេសថៃវិញ។

ការនាំចេញទំនិញក៏នៅរឹងមាំផងដែរ ដោយកើនឡើងបាន​ ១៧,៧ ភាគរយ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦។ កំណើនផលិតផលក្នុងស្រុក​សរុបពិតប្រាកដត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,៩ ភាគរយ នៅឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់ ៤,៩ ភាគរយ នៅឆ្នាំ២០២៧។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖«សេដ្ឋកិច្ចកម្ពុជាកំពុងប្រឹងទប់ខ្លួនបាននៅចំពោះមុខសភាពការណ៍ប៉ះទង្គិចច្រើនយ៉ាងក្នុងពេលដំណាលគ្នា ប៉ុន្តែនៅតែបង្ហាញនូវភាពធន់ទ្រាំ ដែលអាចរក្សាបានតាមរយៈវិធានការគោលនយោបាយដែលមានគោលដៅច្បាស់លាស់ ដើម្បីការពារការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»៕

តាមដានជាមួយយើង៖ Million Times