មូលនិធិ SDF សហការជាមួយ សសក និងសមាគមឧស្សាហកម្មនានា ដើម្បីពង្រឹងកម្លាំងពលកម្មជំនាញរបស់កម្ពុជា

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមធុរកិច្ចធំៗចំនួនបួន និងសហព័ន្ធឧស្សាហកម្មមួយ រួមទាំងសមាគមស្វាយចន្ទីកម្ពុជា (សសក) ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យឆ្លើយតបទៅនឹងតម្រូវការដែលកំពុងវិវត្តនៃឧស្សាហកម្មនានានៅកម្ពុជា។

កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខាជាមួយ សមាគមភស្តុភារកម្មកម្ពុជា (CLA) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) សមាគមស្វាយចន្ទីកម្ពុជា (សសក) និងសមាគមអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETA) កាលពីថ្ងៃទី០៩ ខែកក្កដា​ ឆ្នាំ ២០២៦។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF, និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល SDF, ព្រមទាំងមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) , និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងភ្ញៀវកិត្តិយសសរុបប្រមាណ ១២០ នាក់។

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ថា ភាពជាដៃគូនេះនឹងផ្ដោតលើកិច្ចការគន្លឹះចំនួនបី៖ ការកំណត់អត្តសញ្ញាណតម្រូវការជំនាញជាក់លាក់តាមវិស័យនីមួយៗដើម្បីលើកកម្ពស់ផលិតភាព, ការអនុវត្តគំរូនៃការបណ្តុះបណ្តាលបែប «រួមគ្នារៀបចំទម្រង់ រួមគ្នាវិនិយោគ និងរួមគ្នាជាម្ចាស់» របស់ SDF, និងការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីជំរុញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងឱកាសការងារដែលមានជំនាញ។

ឯកឧត្តមបានបន្ថែមថា SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមឧស្សាហកម្មនានា ដើម្បីរៀបចំក្របខ័ណ្ឌជំនាញជាក់លាក់តាមវិស័យ និងកម្មវិធីបណ្តុះបណ្តាលនានា ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការទីផ្សារការងារ។

នៅក្នុងប្រសាសន៍ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ភាពជាដៃគូទាំងនេះនឹងផ្តល់នូវគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញខ្ពស់ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃវិស័យឯកជនរបស់កម្ពុជា ព្រមទាំងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។

ចាប់តាំងពីការបង្កើតឡើងមក មូលនិធិ SDF បានគាំទ្រដល់ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមប្រមាណ ៩៣,០០០ នាក់ ដោយសម្រេចបានអត្រាបញ្ចប់ការសិក្សារហូតដល់ ៩៦ ភាគរយ, អត្រាទទួលបានការងារធ្វើ ៨៨ ភាគរយ, អត្រាការពេញចិត្តរបស់និយោជក ៨៥ ភាគរយ និងការកើនឡើងនូវផលិតភាពពលកម្ម ៨៩ ភាគរយ ក្នុងចំណោមសហគ្រាសដែលបានចូលរួម។

នៅកិច្ចប្រជុំដាច់ដោយឡែកនៃព្រឹត្តិការណ៍នេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានជួបប្រជុំដាច់ដោយឡែកជាមួយតំណាងក្រុមហ៊ុនអន្តរជាតិចំនួនពីរ ដែលមានប្រតិបត្តិការផលិតកម្មនៅប្រទេសវៀតណាម ដើម្បីស្វែងរកឱកាសធុរកិច្ចថ្មីៗនៅក្នុងវិស័យស្វាយចន្ទីរបស់កម្ពុជា។

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយបានសម្តែងការចាប់អារម្មណ៍ក្នុងការទិញសំបកគ្រាប់ស្វាយចន្ទីក្នុងបរិមាណដ៏ច្រើន និងមានបំណងវិនិយោគលើរោងចក្រកែច្នៃប្រេងសំបកចន្ទី (CNSL) នៅក្នុងតំបន់ឧស្សាហកម្មស្វាយចន្ទី (Cashew Industrial Park)។ ទោះជាយ៉ាងណាក៏ដោយ លោក អួន ស៊ីឡុត បានពន្យល់ថា បច្ចុប្បន្នកម្ពុជានៅមានការផ្គត់ផ្គង់សំបកចន្ទីមានកម្រិតនៅឡើយ ដោយសារសមត្ថភាពកែច្នៃក្នុងស្រុក យើងនៅមានកម្រិតទាប៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times