ឆមាសទី១ឆ្នាំ២០២៦ កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញប្រមាណជិត ៣៤ ម៉ឺន ធីអ៊ីយូ កើនឡើងជាង ៣០%

ក្នុងឆមាសទី១ ឆ្នាំ២០២៦ កុងតឺន័រ ដែល​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មាន​ប្រមាណ​ជិត ៣៤ ម៉ឺន ធីអ៊ីយូ (TEU) កើនឡើងជាង ៣០% បើ​ធៀប​ពេល​ដូចគ្នា​កាល​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ក. ស. ភ. ដែល​ជា​អង្គភាព​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ចេញផ្សាយ​ថ្ងៃ ៧ ខែ​កក្កដា ម្សិលមិញ។

តាមដានជាមួយយើង៖ Million Times

កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​ទទួល​នាវា​ដឹក​ទំនិញ​ឆ្លងកាត់ ១ ៨៩១ គ្រឿង មាន​ការ​កើន​ឡើង ៦,៦៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២៥។ សម្រាប់កុងតឺន័រឆ្លងកាត់មាន៣៣៩ ៦០៦ ធីអ៊ីយូ កើន ៣១,៥៦%, និង​បរិមាណ​ទំនិញ-ប្រេង​ឥន្ទនៈ ឆ្លងកាត់ ២ ៨៩៧ ០០០ តោន កើន ១០,០១%។

រីឯ​នាវា​ដឹក​អ្នក​ដំណើរ មាន ២០៩ គ្រឿង កើន ៨,២៩% និង​អ្នកដំណើរ ឆ្លងកាត់ ២១ ៤២៦ នាក់ កើន​ឡើង ៦,៦៧%។ ដោយឡែក​សម្រាប់​ខែ​មិថុនា ឆ្នាំ ២០២៦ នាវា​ចូល​ចត​មាន ៣០៩ គ្រឿង កើន ៤,៧៥% បើ​ធៀប​ខែ​មិថុនា ឆ្នាំ​មុន, កុងតឺន័រ ៦៣ ៤៥៥ ធីអ៊ីយូ កើន ២១,៨៣%, ទំនិញ​ប្រេងឥន្ធនៈ​ឆ្លងកាត់ ៤៨៩ ៤១៣ តោន កើន ៦,៧២%, នាវា​ដឹក​អ្នកដំណើរ ៩គ្រឿង ​ចំនួន​នៅ​ដដែល និង​អ្នក​ដំណើរ​មាន ៥០១ នាក់ កើន ២៨,១៣%។

យោង​តាម​ការ​ចុះផ្សាយ​របស់​ភ្នំពេញ​ប៉ុស្ដិ៍ ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ភ្នាក់ងារ​ជើងសា​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​បញ្ជាក់​ថា កំណើន​ចរាចរណ៍​​ទំនិញ និង​កុងតឺន័រ​ឆ្លងកាត់ គឺ​មាន​ន័យ​ថា​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​ដំណើរការ​ល្អ បើ​ទោះបី​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​បន្ត​ជួប​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ក៏​ដោយ។ កំពង់ផែ​ភ្នំពេញ​នឹង​កាន់​តែ​មាន​ភាព​មមាញឹក​បន្ថែម​ទៀត នៅ​ពេល​គម្រោង​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដែល​តភ្ជាប់​រវាង​ទន្លេបាសាក់ ទៅ​កាន់​កំពង់ផែ​សមុទ្រ​បើក​ដំណើរការ។

លោក ចាន់ដារ៉ា ប្រភេទទំនិញដែលគេដឹកជញ្ជូនតាមរយៈកំពង់ផែភ្នំពេញ មានភាគច្រើន​ជា​ផលិតផល​វាយនភណ្ឌ និង​ផលិតផលកសិកម្ម៕

អត្ថបទ៖ ឆដា, រូបភាព៖ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ