មុននេះបន្តិចសេដ្ឋិនី សុភាព បុត្រឈរ បានឲ្យដឹងថាកំពុងរៀបចំថវិកាជាង ១សែនដុល្លារ ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំនៅស្រុកខ្មែរដោយកសាងសាលារៀនឲ្យក្មេងៗ ដើម្បីទទួលបានការសិក្សា។


ជាការពិតណាស់អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជារូបនេះបានចូលរួមជួយដល់ប្រជាពលរដ្ឋខ្មែរជាច្រើន។ មិនតែប៉ុណ្ណោះឧកញ៉ា ណូ សុភា ក៏បានចូលរួមយ៉ាងសកម្មក្នុងវិស័យជាច្រើនមិនថាសុខាភិបាល និងវិស័យការពារជាតិនាពេលកន្លងមក គ្រាកន្លងមក។
ថ្មីៗនេះភរិយាលោក Udo Böttcher ដែលជាស្ថាបនិកក្រុមហ៊ុន Böttcher AG បានចូលរួមក្នុងវិស័យអប់រំបន្តទៀត ដោយមានគម្រោងក្នុងការសាងសង់សាលារៀនតាមតំបន់ផ្សេងៗ ដោយចំណាយទឹកប្រាក់ ១២០ ០០០ អឺរ៉ូ និងស្មើប្រមាណ១៣៧ ១០៧ ដុល្លារ។


អគ្គនាយិកា ក្រុមហ៊ុន AG Bottcher បានបញ្ជាក់ថា បច្ចុប្បន្ន ខ្លួន និងក្រុមគ្រួសារ កំពុងរៀបចំគម្រោងថវិកាប្រមាណ ១២០ ០០០ អឺរ៉ូ (មួយសែនពីរម៉ឺនអឺរ៉ូ) សម្រាប់ការសាងសង់ និងអភិវឌ្ឍន៍សាលារៀននៅតាមតំបន់ផ្សេងៗ។
តាមរយៈរូបភាពមួយចំនួនបានបង្ហាញឲ្យឃើញគម្រោងអាគារសិក្សារបស់សាលារៀនមួយស្ថិតនៅក្នុងខេត្តក្រចេះ ហើយកំពុងស្ថិតក្នុងដំណើរការសាងសង់។ គម្រោងមួយចំនួនបានចាប់ផ្ដើម ខណៈគម្រោងមួយចំនួនទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ និងអនុវត្តជាបន្តបន្ទាប់។
ភរិយាលោក Udo Böttcherបន្ថែមជាចុងក្រោយថា នឹងបន្តជួយទៅតាមសមត្ថភាព ដើម្បីឲ្យកុមារកាន់តែច្រើនមានឱកាសទទួលបានការអប់រំល្អ និងមានអនាគតភ្លឺស្វាង៕
អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher




