បន្ទាប់ពីបានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសំខាន់ៗក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារក្នុងការអភិវឌ្ឍភ្នំគូលែន និងពិភាក្សា ព្រមទាំងពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្ដម ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រីក្នុងវិស័យឯកជន ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល សរុបប្រមាណ ១៣០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា “យើងត្រូវរួមគ្នាប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍វប្បធម៌ ជំនឿ និងធម្មជាតិ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ទាប់ពីប្រាសាទអង្គរវត្ត”។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ និយាយជារួម និង ដោយឡែក ការស្ដារ និងជំរុញកំណើនទេសចរណ៍ នៅខេត្តសៀមរាប ដោយបានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ យុទ្ធនាការទស្សនាសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥, និងវិធានការអន្តរាគមន៍ជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលក្នុងនោះរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មគោលដៅទេសចរណ៍ ឱ្យសម្បូរបែប និងមានភាពទាក់ទាញ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ សំដៅបង្កើនចំណូលដល់ប្រជាសហគមន៍ដោយផ្ទាល់។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការរៀបចំសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ នឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ពង្រឹងភាពទាក់ទាញនៃគោលដៅទេសចរណ៍ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ក្រៅពីរមណីយដ្ឋានអង្គរ (Beyond Angkor) ឱ្យកាន់តែច្រើន។
ជាការរំលឹកឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ បានណែនាំដល់ក្រសួងទេសចរណ៍ ធ្វើការអភិវឌ្ឍភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់អំពីចក្ខុវិស័យឱ្យប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍វប្បធម៌ ជំនឿ និង ធម្មជាតិឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ទាប់ពីប្រាសាទអង្គរវត្ត ទាំងរដូវកាលបៃតង និងរដូវកាលក្តៅផងដែរ។
សេចក្ដីព្រាងវិធានការគន្លឹះនេះ រៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ដូចជា
១). បង្កើនភាពទាក់ទាញនិងការប្រកួតប្រជែងរបស់គោលដៅភ្នំគូលែន, ២). ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទេសចរណ៍, ៣). អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រប្រកបដោយគុណភាព, ៤). ធ្វើពិពិធកម្មផលិតផលនិងបទពិសោធទេសចរណ៍, ៥). អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌និងទេសចរណ៍ធម្មជាតិ, ៦). បង្កើនការចូលរួមនិងអត្ថប្រយោជន៍របស់សហគមន៍មូលដ្ឋាន, ៧). ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ឆ្លាតវៃ និងមានភាពធន់ , ៨).ពង្រឹងអភិបាលកិច្ច ភាពជាដៃគូ និងវិនិយោគក្នុងវិស័យទេសចរណ៍៕
អត្ថបទ៖ ប៊ី








