ខេត្តកំពង់ចាម ត្រៀមដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៧ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់

ខេត្តកំពង់ចាម ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ ៧ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល។

កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម និងក្រសួងសាធារណការ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងដឹកជញ្ជូន កំពុងញាប់ដៃញាប់ជើងរៀបចំតុបតែងលម្អ និងរៀបចំទីតាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបម្រើដល់ផលប្រយោជន៍សាធារណៈ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងត្រូវប្រារព្ធឡើងចំថ្ងៃដែលមានលេខនាំសំណាង និងជានិមិត្តរូបដ៏អស្ចារ្យ គឺផ្លូវជាតិលេខ៧ សម្ពោធនៅថ្ងៃទី០៧ ខែ៧ មានការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ ព្រមទាំងក្រុមងារ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំតុបតែងលម្អនៅតាមបណ្តោយដងផ្លូវជាតិលេខ៧ មានការចងបដាពាក្យស្លោក ទង់ជាតិ និងទង់ចម្រុះពណ៌ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែមានភាពអធិកអធម។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យរៀបចំផ្លូវវាងបណ្តោះអាសន្នសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ ដើម្បីចៀសវាងការកកស្ទះនៅទីតាំងប្រារព្ធពិធី នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ។

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៧ នេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាការតភ្ជាប់ទៅកាន់បណ្តាខេត្តនានាផងដែរ។ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរសមិទ្ធផលថ្មីនេះ និងធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times