លោក Nicolas Forissier នឹងអញ្ជើញមកកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា

លោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូ​អម​​រដ្ឋមន្ត្រី​​ក្រសួងអឺរ៉ុប​ និងការបរទេស​បារាំង ទទួលបន្ទុក​ពាណិជ្ជកម្ម​បរទេស​​ និង​ការទាក់ទាញ​វិនិយោគ​​​ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែកក្កដា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ព្រមទាំងបង្កើនការវិនិយោគ និយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចនេះធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើក ក្នុងក្របខ័ណ្ឌនៃការជំរុញទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា។

ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។

លោករដ្ឋមន្ត្រីនឹងចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជាផងដែរ ដែលមានបណ្តាញក្រុមហ៊ុនយ៉ាងតិចចំនួន ២០០ ក្រុមហ៊ុន៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times