រោងចក្រ​ដំឡើងថេប្លេតម៉ាក «K Haitech» នឹងលេចជារូបរាងឡើងក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

ថេប្លេតម៉ាក «K Haitech» របស់​អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន នឹង​មាន​រោងចក្រ​ដំឡើង ហើយ​លេច​ចេញ​ជា​រូបរាង​ឡើង ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំ​ពេញ នា​ពេល​ខាងមុខនេះ។

តាមដានជាមួយយើង៖ Million Times

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន KH Haitech អ្នក​ឧកញ៉ា សំ សុខនឿន បាន​ឲ្យ​ដឹង​ថា រោងចក្រ​ដំឡើង​​ថេប្លេត​ម៉ាក «K Haitech» មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​រាជធានី​ភ្នំពេញ​នោះ ប្រើប្រាស់​ទំហំ​ដី​រហូត​ទៅ​ដល់​ជាង ៥.៧ ហិកតា​ឯណោះ។

រោងចក្រ K Haitech ដែល​កំពុង​ស្ថិត​​សាងសង់ នឹង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន ដោយ​នាំ​យក​ជំនាញ​បែប​ទំនើប​ជូន​ពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​ចំណូល​ខ្ពស់ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឲ្យ​ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ បាន។

នៅ​ពេល​រោងចក្រ​ដំឡើង​ថេប្លេត​ម៉ាក «K Haitech» រួចរាល់ នឹង​ធ្វើឲ្យ​តំបន់​ជ្រោយចង្វារ កាន់តែ​មាន​ភាព​មមាញឹក កំណើន​សេដ្ឋកិច្ច​តំបន់​នោះក៏កើន​ផង​ដែរ។ ផលិតផល​ដែល​នឹង​ផលិត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​មួយ​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា អាច​ផ្ដល់​ជា​ជម្រើស​បច្ចេកវិទ្យា​មាន​តម្លៃ​សមរម្យ សម្រាប់​សិស្ស និស្សិត​សិក្សា​ស្រាវជ្រាវ និង​ប្រជាពលរដ្ឋ​ទូទៅ។

តាម​រយៈ​រូបភាព​ប្លង់ 3D ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​សំណង់​ដែល​នឹង​មាន​ទាំង​រចនាបថ​សម័យ​ទំនើប ព្រម​ជាមួយ​ទីតាំង​ធំ​ទូលាយ និង​ស្រប​តាម​បច្ចេកទេស​ស្តង់ដារ​ត្រឹមត្រូវ ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចរាចរ។

គួរ​បញ្ជាក់​ថា​រោងចក្រ​ដំឡើង​ថេប្លេតម៉ាក «K Haitech» ដ៏​ទំនើប និង​ផលិត​សម្ភារៈ​បរិក្ខារ​ចាំបាច់​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក ជួយ​ឲ្យ​ប្រជាជន​កាន់តែ​មាន​ភាព​ស៊ីវិល័យ ព្រម​ទាំង​សម្រាល​បន្ទុក ជំនួស​កម្លាំង​ពលកម្ម​បាន​ច្រើន នឹង​រួចរាល់​នៅ​ចុង​ឆ្នាំ ២០២៦ ឬ​ត្រីមាសទី១ នៃ ឆ្នាំ២០២៧៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ