លោក ទីវ តារារិទ្ធិ ដែលមហាជនស្គាល់ថាជាអ្នកជិះកង់ឆ្លងទ្វីបរបស់កម្ពុជាដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ បានបន្តបេសកកម្មជិះកង់ពីភ្នំពេញទៅសៀមរាបកាលពីម្សិលមិញ ហើយក៏មានក្រុមគ្រួសារនៃត្រកូល ជីប ម៉ុង ចូលរួមជូនដំណើរផងដែរ។

សប្បុរជន តារារិទ្ធិ បានជិះកង់ទៅកាន់ទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ីកណ្ដាល ដោយឆ្លងកាត់ ៤០ ប្រទេសមានចម្ងាយប្រមាណ ៥៧ ០០០ គីឡូម៉ែត្រ រៃអង្គាសថវិកាបានជាង ២១ ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ហើយខ្វះប្រមាណ ៣ ម៉ឺនដុល្លារ ហើយក្រុមហ៊ុន ជីប ម៉ុង គ្រុបបានប្រកាសឧបត្ថម្ភ ៣៥ ០០០ ដុល្លារដើម្បីបង្គ្រប់។
នៅក្នុងដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាបកាលពីម្សិលមិញនេះ លោក ទីវ តារារិទ្ធិ បានទទួលបានការជូនដំណើរជាច្រើនពីសំណាក់អ្នកគាំទ្រ ពិសេសគឺអ្នកតំណាង ជីប ម៉ុង គ្រុប គឺកញ្ញា អ៊ឹង វត្តី ដែលកំពុងកាន់កាប់ការងារនៅក្នុង Khmer Beverages។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ទីវ តារារិទ្ធិ បានជួបជាមួយ CEO បន្តវេន អ៊ឹង វីរៈ ដើម្បីបង្ហាញពីការធ្វើដំណើររបស់លោក រាប់ម៉ឺនគីឡូម៉ែត្រនៅទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ីកណ្ដាល ដោយជួបបញ្ហាច្រើនរាប់មិនអស់៕





អត្ថបទ៖ ឆដា, រូបភាព៖ WURKZ




