ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា (CIEA) ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ “មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
កម្មវិធីនេះនឹងប្រមូលផ្តុំក្រុមហ៊ុនចិន សមាគមឧស្សាហកម្ម វិនិយោគិន និងសហគ្រាសកម្ពុជាជាង ២០០ ស្ថាប័ន ដើម្បីបង្កើតឱកាសសហការ ផ្គូផ្គងធុរកិច្ច និងស្វែងរកដៃគូផ្នែកឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការផ្សព្វផ្សាយពីកម្ពុជាជាគោលដៅវិនិយោគ និងបានលើកទឹកចិត្តឱ្យសមាគមទាក់ទាញក្រុមហ៊ុនវិនិយោគចិន ដែលអាចពង្រឹង ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងជំរុញបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលវែង។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “វិនិយោគិនចិនឈរនៅលំដាប់លេខ១ នៅកម្ពុជា។ អ្វីដែលកម្ពុជាចង់បានគឺមិនមែនត្រឹមតែតួលេខប៉ុណ្ណោះទេ។ យើងចង់បានការវិនិយោគដែលមានគុណភាព ដែលនាំមកនូវឧត្តមភាពប្រកួតប្រជែង ការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងការវិនិយោគក្នុងវិស័យថ្មីៗ ដើម្បីគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់យើង។”
ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការទាក់ទាញវិនិយោគដែលអាចជួយអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក បង្កើតការផ្សារភ្ជាប់រវាងឧស្សាហកម្មធន់ធ្ងន់ជាមួយនឹងសហគ្រាសក្នុងស្រុក ព្រមទាំងពង្រឹងសមត្ថភាពផលិតរបស់កម្ពុជា។
លោក LI ZHAN BO ប្រធានសមាគម CIEA បានលើកឡើងថា មហាសន្និបាត និងពិព័រណ៍ឧស្សាហកម្មនេះ មានគោលបំណងផ្តល់ជាវេទិកាជាក់ស្តែងសម្រាប់ភ្ជាប់សហគ្រាសកម្ពុជា និងក្រុមហ៊ុនចិន ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសម្របសម្រួលគម្រោងវិនិយោគនៅកម្ពុជា។
លោកបានបន្ថែមថា៖ “គោលដៅរបស់យើងគឺមិនមែនគ្រាន់តែនាំយកទុនវិនិយោគពីប្រទេសចិនមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបច្ចេកវិទ្យា ធនធានមនុស្ស ធនធានឧស្សាហកម្ម និងដំណោះស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ពេញលេញ ដែលអាចគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ យើងសង្ឃឹមថា កម្មវិធីនេះនឹងជួយឱ្យសហគ្រាសចិនដែលមានគុណភាពកាន់តែច្រើន ស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា និងបង្កើតប្រតិបត្តិការរយៈពេលវែងនៅទីនេះ។”
សមាគម CIEA ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០២៥ និងមានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរវាងកម្ពុជា និងចិន។ ចាប់តាំងពីការបង្កើតសមាគមមក CIEA បានរៀបចំសកម្មភាពជំរុញវិនិយោគទាំងនៅកម្ពុជា និងនៅប្រទេសចិន ព្រមទាំងបានសហការជាមួយសមាគមធុរកិច្ច និងសហគ្រាសចិនជាច្រើនដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ ប៊ី








