សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) និង ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានចុះហត្ថលេខាជាផ្លូវការលើកញ្ចប់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ «អាកាសយានដ្ឋានអន្តរជាតិតេជោ» របស់កម្ពុជា។
ការចុះហត្ថលេខានេះ ត្រូវបានឡើងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពី លោក ទិត្យ ពៅ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស្រី ឧកញ៉ា វេជ្ជបណ្ឌិត លឹម លីណា អនុប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង លោកស្រី Caroline Vik នាយកាប្រតិបត្តិគោលនយោបាយ នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) អមជាមួយមន្ត្រីទូតអាម៉េរិកប្រចាំនៅកម្ពុជា។
យោងតាមប្រភពព័ត៌មានពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា នេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការសម្រេចបាននូវហិរញ្ញប្បទានពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការកើនឡើងនូវទំនុកចិត្តកម្រិតអន្តរជាតិមកលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ទោះជាយ៉ាងណាក៏ដោយ កិច្ចការផ្លូវច្បាប់ ហិរញ្ញវត្ថុ អនុលោមភាព និងលក្ខខណ្ឌបិទបញ្ចប់ការចរចាដ៏សំខាន់ៗបំផុត នៅតែជាដំណាក់កាលចម្បងខាងមុខដែលត្រូវសម្រេចឱ្យបាន មុនពេលកញ្ចប់ហិរញ្ញប្បទាននេះចូលជាធរមានពេញលេញ និងអាចដកសាច់ប្រាក់យកមកប្រើប្រាស់បាន។
កញ្ចប់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាម៉េរិកដែលបានផ្តល់ដោយ DFC នេះ គួរតែត្រូវបានចាត់ទុកថាមានតម្លៃលើសពីកម្ចីសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធម្មតា ដោយហេតុថា នេះជាការវិនិយោគយុទ្ធសាស្ត្ររយៈពេលវែង ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់ ការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុន (Capital Optimization) ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងនិរន្តរភាព រយៈពេលវែងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ក្នុងនាមជាច្រកទ្វារអាកាសចរណ៍អន្តរជាតិឈានមុខគេរបស់កម្ពុជា។
ហិរញ្ញប្បទាននេះ ត្រូវបានរំពឹងថានឹងរួមចំណែកដល់គោលបំណងយុទ្ធសាស្ត្រដែលផ្សារភ្ជាប់គ្នាទៅវិញទៅមកចំនួន ៦ រួមមាន៖១. ការពង្រឹងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ និងឧត្តមភាពប្រតិបត្តិការ (Infrastructure Capacity & Operational Excellence ២. ការបង្កើននិរន្តរភាពហិរញ្ញវត្ថុ និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុន (Financial Sustainability & Capital Structure) ៣. ការជម្រុញយុទ្ធសាស្ត្រប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ (Regional Aviation Hub Strategy) ៤. ការធ្វើជាកាតាលីករជម្រុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគ (Economic Growth & Investment) ៥. ការបង្ហាញពីទំនុកចិត្តលំដាប់អន្តរជាតិដ៏រឹងមាំមកលើព្រះរាជាណាចក្រកម្ពុជា (International Confidence) និង៦. ការកៀរគរទុនបន្ថែមពីប្រភពស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា (Mobilizing International Capital)៕

អត្ថបទ៖ ប៊ី




