ភ្នំពេញ៖ អូស្ត្រាលីកំពុងបន្តគាំទ្រការអភិវឌ្ឍវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា តាមរយៈការសហការជាមួយវិស័យឯកជន ដើម្បីបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក ទាក់ទាញការវិនិយោគ និងបង្កើតតម្លៃបន្ថែមសម្រាប់ឧស្សាហកម្មមួយនេះ ខណៈកម្ពុជានៅតែបាត់បង់ចំណូលសក្តានុពលជាង ១២៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសារការកែច្នៃក្នុងស្រុកនៅមានកម្រិត។
បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទី២ នៅលើពិភពលោក ប៉ុន្តែមានតែ ៥ ភាគរយប៉ុណ្ណោះនៃទិន្នផលសរុបដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។ ការខ្វះសមត្ថភាពកែច្នៃក្នុងស្រុកនេះ មិនត្រឹមតែធ្វើឱ្យប្រទេសបាត់បង់ចំណូលសក្តានុពលជាង ១២៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកសិករ និងពាណិជ្ជករបន្តប្រឈមនឹងហានិភ័យពីការប្រែប្រួលតម្លៃទីផ្សារផងដែរ។
ស្ថានទូតបានឱ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ថា ដើម្បីដោះស្រាយបញ្ហានេះ អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Olam Food Ingredients (ofi) ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មសកល និងមានចំណែកពី ២០ ទៅ ២៥ ភាគរយនៃទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។ កិច្ចសហការនេះមានគោលបំណងបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ ៨០ តោនក្នុងមួយថ្ងៃ និងជំរុញការវិនិយោគរហូតដល់ ១០ លានដុល្លារអាមេរិកក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
ប្រភពដដែលបានបញ្ជាក់ថា អូស្ត្រាលីបន្តប្តេជ្ញាទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដែលអាចបង្កើតការងារ និងគាំទ្រដល់ការរីកចម្រើនរបស់អាជីវកម្ម ដើម្បីជួយកម្ពុជាកសាងសេដ្ឋកិច្ចដែលមានភាពរឹងមាំ និងវិបុលភាព។
ជាមួយគ្នានេះ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា ទិន្នន័យក្រៅផ្លូវការដែលសមាគមប្រមូលបាន បង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាម ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រមាណ ១,៧៥១ លានដុល្លារអាមេរិក។ តួលេខនេះតំណាងឱ្យការកើនឡើង ២៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ក្រុមអ្នកសង្កេតការណ៍ឧស្សាហកម្មបានលើកឡើងថា ខណៈការប្រកួតប្រជែងនៅក្នុងទីផ្សារស្វាយចន្ទីសកលកាន់តែមានភាពស្វិតស្វាញ ប្រទេសផលិតដែលផ្តោតលើការវិនិយោគក្នុងការកែច្នៃក្នុងស្រុក និងការបង្កើតតម្លៃបន្ថែម នឹងមានជំហរកាន់តែប្រសើរក្នុងការទាញយកផលប្រយោជន៍ពីកំណើនរយៈពេលវែង និងការប្រែប្រួលនៃរចនាសម្ព័ន្ធទីផ្សារ៕
អត្ថបទ៖ ប៊ី









