ភ្នំពេញ៖ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ក្នុងរយៈពេល ៧ ខែដំបូង ឆ្នាំ២០២៦ បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់លើការដឹកជញ្ជូនទំនិញ ខណៈចំនួនអ្នកដំណើរ និងជើងហោះហើរមានការថយចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
យោងតាមស្ថិតិដឹកជញ្ជូនតាមផ្លូវអាកាសរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) បានកត់ត្រាជើងហោះហើរចេញ-ចូល (ទ្វេទិស) សរុប ៣៧,២៤៨ ជើង ថយចុះ ១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។
ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកដំណើរចេញ-ចូល (ទ្វេទិស) សរុបមាន ៣,៧១២,៦៣៩ នាក់ ថយចុះ ៩ភាគរយ បើធៀបនឹងរយៈពេល ៧ ខែ ឆ្នាំ២០២៥។
ផ្ទុយទៅវិញ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបន្តកើនឡើង ដោយមានបរិមាណសរុប ៥៧,១០២ តោន កើនឡើង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ជើងហោះហើររំលង (Overflight) ចេញ-ចូល (ទ្វេទិស) មានចំនួន ៥៣,២១៣ ជើង កើនឡើង ៥ភាគរយ។
បើគិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ធៀបនឹងខែមិថុនា ឆ្នាំ២០២៦ សូចនាករទាំងអស់បានបង្ហាញពីកំណើន។ ជើងហោះហើរចេញ-ចូលមានចំនួន ៤,៩៤២ ជើង កើនឡើង ១១ភាគរយ ខណៈអ្នកដំណើរមានចំនួន ៤៤៣,៣៤២ នាក់ កើនឡើង ១២ភាគរយ។
រីឯការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងខែកក្កដា មានចំនួន ៩,៤៧៥ តោន កើនឡើង ៩ភាគរយ បើធៀបនឹងខែមុន ខណៈជើងហោះហើររំលងមានចំនួន ៨,២២២ ជើង កើនឡើង ១៣ភាគរយ។
ដោយឡែក គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍កំពុងប្រតិបត្តិការចំនួន ៣៣ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនជាតិ ៤ និងក្រុមហ៊ុនអន្តរជាតិ ២៩។
ជាមធ្យមក្នុងមួយសប្តាហ៍ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មានជើងហោះហើរចេញ-ចូល ៧៩២ ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) មាន ២៦០ ជើង អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) មាន ៦៨ ជើង និងអាកាសយានដ្ឋានតារាសាគរ (DSY) មាន ៤ ជើង។
សរុបអាកាសយានដ្ឋានទាំងបួនមានជើងហោះហើរចេញ-ចូលជាមធ្យម ១,១២៤ ជើងក្នុងមួយសប្តាហ៍ ដែលក្នុងនោះក៏រួមមានជើងហោះហើរក្នុងស្រុករវាងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) និងអាកាសយានដ្ឋានតារាសាគរ (DSY) ចំនួន ៤ ជើងក្នុងមួយសប្តាហ៍ផងដែរ៕






