ក្រសួង​ការងារ​៖ ​ជិត​ ​៨០​% ​នៃ​កម្មករ​រោងចក្រ​តូយ៉ូតា ​ស៊ុយ​ស៊ូ ​ជា​អតីត​សិស្ស​ ​TVET​

​ភ្នំពេញ​៖​ ​ជិត​ ​៨០​% ​នៃ​កម្មករ​និយោជិត​ដែល​បម្រើ​ការងារ​ផ្នែក​ផ្គុំ ​និង​ដំឡើង​រថយន្ត​នៅ​ក្រុមហ៊ុន​ តូយ៉ូតា ​ស៊ុយ​ស៊ូ ​មេ​នូហ្វេក​ឆឺរីង ​(​ខេមបូឌា​) ​ឯ​.​ក ​(​Toyota​ ​Tsusho​ ​Manufacturing​ ​(​Cambodia​) ​Co​.​, ​Ltd​) ​គឺជា​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​(​TVET​) ​ដែល​បង្ហាញ​ពី​ការ​តភ្ជាប់​រវាង​ការ​បណ្តុះបណ្តាល​ជំនាញ​ ​និង​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។

​ទិន្នន័យ​នេះ​ត្រូវបាន​បង្ហាញ​ក្នុង​ឱកាស​ឯកឧត្តម​ ហេង ​សួរ​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ថ្នាក់ដឹកនាំ​ក្រសួង​ ​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ​សួរសុខទុក្ខ​ ​និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​កម្មករ​និយោជិត​នៅ​រោងចក្រ ​តូយ៉ូតា ​ស៊ុយ​ស៊ូ ​មេ​នូហ្វេក​ឆឺរីង ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់​ ​គ្រុប​ ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​។

​រោងចក្រ ​តូយ៉ូតា ​ស៊ុយ​ស៊ូ ​មេ​នូហ្វេក​ឆឺរីង ​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី​២​ ​ខែឧសភា ​ឆ្នាំ​២០២៤​ ​ហើយ​បច្ចុប្បន្ន​មាន​កម្មករ​និយោជិត​ចំនួន​ ​១៤២​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ ​២៤​នាក់​។​ ក្នុង​ចំណោម​កម្មករ​ដែល​បម្រើ​ការងារ​ផ្នែក​ផ្គុំ ​និង​ដំឡើង​រថយន្ត​ ​ប្រមាណ​ជិត​ ​៨០​% ​ជា​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​គ្រឹះស្ថាន​ ​TVET​។​

ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ហេង ​សួរ​ បាន​បង្ហាញ​ក្តីរីករាយ​ចំពោះ​ការ​ដែល​កម្មករ​និយោជិត​នៅ​រោងចក្រ​ភាគ​ច្រើន​បាន​បញ្ចប់​ការ​សិក្សា​ពី​គ្រឹះស្ថាន​ ​TVET​ ​ដោយ​ចាត់ទុក​ថា​ជា​មោទនភាព​សម្រាប់​យុវជន​ខ្មែរ​ផ្ទាល់​ ​សម្រាប់​វិស័យ​ ​TVET​ ​និង​សម្រាប់​ប្រទេសជាតិ​។

​ឯកឧត្តម ​បាន​លើកឡើង​ថា​ ​ការ​ដែល​កូន​ខ្មែរ​ចូលរួម​ក្នុង​ការ​ផ្គុំ ​និង​ដំឡើង​រថយន្ត​តូយ៉ូតា ​ដែល​ជា​ម៉ាក​រថយន្ត​មាន​គុណភាព​ ​និង​ពេញនិយម​ប្រើប្រាស់​នៅ​កម្ពុជា​ ​បង្ហាញ​ពី​សមត្ថភាព​របស់​កម្លាំង​ពលកម្ម​កម្ពុជា​ដែល​មាន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​កម្មករ​និយោជិត​បន្ត​ចូលរួម​សិក្សា​ជំនាញ​វិជ្ជាជីវៈ​កម្រិត​ខ្ពស់​បន្ថែម​ទៀត​នៅ​គ្រឹះស្ថាន​ ​TVET​ ​ដោយ​ឆ្លៀត​ពេល​ពី​ការងារ​។ ​លោក​ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​កម្មករ​បន្ត​យកចិត្តទុកដាក់​បំពេញ​ការងារ​ និង​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ ​ដើម្បី​បង្កើន​ផលិតភាព​ការងារ​ និង​ចូលរួម​ដល់​ការ​អភិវឌ្ឍ​រោងចក្រ ​និង​សេដ្ឋកិច្ច​ជាតិ​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ហេង ​សួរ​ បាន​បញ្ជាក់​ពី​ការ​ខិតខំប្រឹងប្រែង​របស់​ក្រសួង​ការងារ​ ក្នុង​ការ​ធានា​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​ តាមរយៈ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្មករ​និយោជិត​ ​និង​ម្ចាស់​សហគ្រាស ​រោងចក្រ ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​ ​និង​ចៀសវាង​វិវាទ​ការងារ​ដែល​អាច​នាំទៅ​ដល់​ការ​ធ្វើ​កូដកម្ម​ខុស​នីតិវិធី​ច្បាប់​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់​រោងចក្រ ​ដែល​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ ​និង​អនុវត្ត​ច្បាប់​ស្តីពី​ការងារ​បាន​ល្អ​ប្រសើរ​ ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​កម្មករ​និយោជិត​។ ​រោងចក្រ​នេះ​ក៏​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដោយ​បច្ចេកវិទ្យា​ ​និង​កន្លែង​ធ្វើការ​ដែល​មាន​ផាសុកភាព​។

​ក្រសួង​ការងារ​នឹង​បន្ត​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កម្មករ​និយោជិត​ទទួលបាន​ការ​បណ្តុះបណ្តាល​បន្ថែម​ ​ឱកាស​ការងារ​ និង​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​។

​លោក​ឧកញ៉ា​ ​គង់​ ​នួន​ ម្ចាស់​រោងចក្រ ​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​ថ្នាក់ដឹកនាំ​ក្រសួង​ ​ដែល​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​កម្មករ​និយោជិត​ដោយ​ផ្ទាល់​។ ​លោក​បាន​ចាត់ទុក​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ថា​ ​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជ​រដ្ឋាភិបាល​ ​និង​ក្រសួង​ចំពោះ​សុខុមាលភាព​ ​និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​និយោជិត​ ​ព្រមទាំង​ជា​កម្លាំង​លើកទឹកចិត្ត​ដល់​រោងចក្រ ​ក្នុង​ការ​បន្ត​សហការ​ជាមួយ​ក្រសួង​ និង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។

​រោងចក្រ ​តូយ៉ូតា ​ស៊ុយ​ស៊ូ ​មេ​នូហ្វេក​ឆឺរីង ​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី​២​ ​ខែឧសភា ​ឆ្នាំ​២០២៤​។ ​បច្ចុប្បន្ន ​រោងចក្រ​មាន​កម្មករ​និយោជិត​ចំនួន​ ​១៤២​នាក់​ ក្នុង​នោះ​ស្ត្រី​ ​២៤​នាក់​។​

ក្រៅពី​ការងារ​ កម្មករ​និយោជិត​នៅ​រោងចក្រ​ទទួលបាន​លក្ខខណ្ឌ​ការងារ​ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ ​រួមមាន​កន្លែង​ទទួលទាន​អាហារ​ និង​ថ្លៃ​បាយ​ថ្ងៃត្រង់​ចំនួន​ ​២​ពេល​ក្នុង​មួយ​ថ្ងៃ​ ​ព្រមទាំង​អត្ថប្រយោជន៍​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ​(​ប.​ស.ស​.)​។ ​លក្ខខណ្ឌ​សុវត្ថិភាព​ ​និង​សុខភាព​ការងារ​នៅ​រោងចក្រ​ក៏​ត្រូវបាន​រៀបចំ​តាម​ស្តង់ដារ​ខ្ពស់​ផងដែរ​។

​ការ​ដែល​ជិត​ ​៨០​% ​នៃ​កម្មករ​ផ្នែក​ផ្គុំ ​និង​ដំឡើង​រថយន្ត​នៅ​រោងចក្រ​ជា​អតីត​សិស្ស​ ​TVET​ ​បាន​បង្ហាញ​ពី​តួនាទី​កាន់តែ​សំខាន់​របស់​ការ​បណ្តុះបណ្តាល​ជំនាញ​ ក្នុង​ការ​រៀបចំ​កម្លាំង​ពលកម្ម​កម្ពុជា​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិស័យ​ឧស្សាហកម្ម​ ​និង​បង្កើន​ឱកាស​ការងារ​ដែល​មាន​ជំនាញ​សម្រាប់​យុវជន​កម្ពុជា​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times