Farm Fresh Group ដែលជាក្រុមហ៊ុនផលិតទឹកដោះគោដ៏ល្បីល្បាញរបស់ម៉ាឡេស៊ី នឹងបោះទន់រាប់សិបលានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតទឹកដោះគោនៅខេត្តពោធិ៍សាត់ ក្នុងប្រទេសកម្ពុជា។

ក្រោយពីសិក្សាជាច្រើនឆ្នាំលើទីផ្សារកម្ពុជា និងរកឃើញតម្រូវការច្រើនពីពលរដ្ឋផងនោះ ពេលនេះ Farm Fresh Group ក្រុមហ៊ុនផលិតទឹកដោះគោដ៏ល្បីល្បាញរបស់ម៉ាឡេស៊ី បានបោះទន់ដើម្បីវិនិយោគនៅកម្ពុជាហើយ។
ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ បានសិក្សាយ៉ាងល្អិតល្អន់ទៅលើគម្រោងសាងសង់រោងចក្រនៅខេត្តពោធិ៍សាត់ ក្នុងស្រុកវាលវែងផ្ទាល់តែម្ដង។ ការសម្រេចគម្រោងនេះ នឹងជួយបង្កើតការងារជាច្រើនកន្លែងនៅកម្ពុជាផ្នែកទឹកដោះគោនេះផងដែរ។

មួយវិញទៀត ក៏ជួយឲ្យប្រជាជនកម្ពុជាអាចទទួលទានទឹកដោះគោក្នុងស្រុកស្រស់ៗ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលនឹងអាចមានតម្លៃសមរម្យ ព្រោះថាមិនត្រូវប្រើរយៈពេលយូរក្នុងការដឹកជញ្ជូនឡើយ ដោយនៅត្រឹមខេត្តពោធិ៍សាត់ អាចចាត់ចែងដឹកទៅកាន់បណ្ដាខេត្តដទៃក្នុងប្រទេសកម្ពុជា បានយ៉ាងងាយជាងរបស់ដឹកមកពីក្រៅស្រុក។
សូមបញ្ជាក់ថា ក្រុមហ៊ុន Farm Fresh Group ជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេស៊ី ដែលមានកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះប្រមាណ១ម៉ឺន ៤ពាន់ក្បាលឯណោះ៕


អត្ថបទ៖ ឆដា,រូបភាព៖ អ៊ីនធឺណេត និងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់




