អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​៖​ សហគ្រាស​កម្ពុជា​ត្រូវ​មាន ​«​បដិវត្តន៍​ផ្នត់គំនិត​» ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​

​ភ្នំពេញ​៖​ ​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​ ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ ​SAM​ ​SN​ ​Group​ ​និង​អនុ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​(​FASMEC​) ​បាន​លើកឡើង​ថា​ សហគ្រាស​កម្ពុជា​ចាំបាច់​ត្រូវ​មាន​ «​បដិវត្តន៍​ផ្នត់គំនិត​» ​យ៉ាង​ជ្រៅជ្រះ ​ដើម្បី​អាច​រស់រាន ​និង​រីកចម្រើន​នៅក្នុង​ទីផ្សារ​ដែល​កាន់តែ​មាន​ការ​ប្រកួតប្រជែង​។​

​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​បាន​មានប្រសាសន៍​ថា​ ​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​មិន​គួរ​ផ្តោត​តែ​ទៅលើ​ការ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កែប្រែ ​ឬ​ពង្រឹង​គោលនយោបាយ​គាំទ្រ​ ​SME​ ​នោះ​ទេ​ ​ប៉ុន្តែ​ម្ចាស់​សហគ្រាស​ខ្លួនឯង​ក៏​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ផងដែរ​។​

​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​បាន​ថ្លែង​ថា​៖​ «​យើង​ជា​ម្ចាស់​សហគ្រាស​ ​SME​ ​តែង​សំណូមពរ​ឱ្យ​រដ្ឋ​យើង​គួរ​កែប្រែ​គោលនយោបាយ​គាំទ្រ​ ​SME​ ​បែប​នេះ​ ​បែប​នោះ​ តែ​យើង​ជា​ម្ចាស់​សហគ្រាស​ ​SME​ ​គួរតែ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ដូចគ្នា​»​។

​លោក​បាន​បញ្ជាក់​ថា​ ​ដើម្បី​អាច​រស់រាន ​និង​រីកចម្រើន​ក្នុង​ទីផ្សារ​ដែល​កាន់តែ​មាន​ការ​ប្រកួតប្រជែង​ សហគ្រាស​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ ​«​បដិវត្តន៍​ផ្នត់គំនិត​» ​យ៉ាង​ជ្រៅជ្រះ ​ខណៈ​ការ​ប្រកួតប្រជែង​នា​ពេល​អនាគត​នឹង​លែង​ផ្អែក​ត្រឹមតែ​ទៅ​លើ​តម្លៃ​ទាប​ ប៉ុន្តែ​ជា​ការ​ប្រកួតប្រជែង​លើ​គុណ​តម្លៃ​ ​ការ​ជឿទុកចិត្ត​ ​និង​ប្រសិទ្ធភាព​រួមបញ្ចូល​គ្នា​។

​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​បាន​លើកឡើង​ពី​ផ្នត់គំនិត​សំខាន់​ៗ​ចំនួន​៥​ ​ដែល​សហគ្រាស​កម្ពុជា​គួរ​ផ្លាស់ប្តូរ​។​

​ទី​១​ ​ពី​ «​ការ​ប្រកួតប្រជែង​តម្លៃ​ទាប​» ​ទៅ​ «​ការ​ប្រកួតប្រជែង​លើ​គុណ​តម្លៃ​»​។ ​សហគ្រាស​លែង​គួរ​ពឹងផ្អែក​តែ​លើ​កម្លាំង​ពលកម្ម​ថោក​ ​និង​ថ្លៃ​ដើម​ទាប​ទៀត​ហើយ​ ប៉ុន្តែ​ត្រូវ​កសាង​សមត្ថភាព​ប្រកួតប្រជែង​ស្នូល​លើ​គុណភាព​ ​ផលិតភាព​ និង​ការ​ច្នៃប្រឌិត​។​

​ការ​ផ្លាស់ប្តូរ​នេះ​មាន​ន័យ​ថា​ ​ត្រូវ​ផ្លាស់​ពី​ «​ការ​ផលិត​» ​ទៅ​ «​ការ​ផលិត​ប្រកបដោយ​គុណភាព​» ​ប្រើប្រាស់​អត្តសញ្ញាណ​ខ្មែរ​ក្នុង​ការ​បង្កើត​ម៉ាក​យីហោ​ដែល​មាន​តម្លៃ​ខ្ពស់​ ​ដូចជា​ផលិតផល​កសិកម្ម​គុណភាព​ខ្ពស់​ ​និង​ចាត់ទុក​ការ​អនុលោម​តាម​ច្បាប់​ជា​ការ​វិនិយោគ ​ដើម្បី​ទទួលបាន​ការ​ទុកចិត្ត​។​

​ទី​២​ ​ពី​ «​ការ​ធ្វើត្រាប់​តាម​» ​ទៅ​ «​ការ​ច្នៃប្រឌិត​សកម្ម​»​។ ​សហគ្រាស​គួរ​ចាត់ទុក​បច្ចេកវិទ្យា​ឌីជីថល​ជា​ឧបករណ៍​សម្រាប់​រស់រាន ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដំណើរការ​ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកទិញ​សកល​។

​ជាមួយគ្នា​នេះ​ សហគ្រាស​ត្រូវ​លែង​ធ្វើត្រាប់​តាម​ម៉ាក​អន្តរជាតិ​ ​ប៉ុន្តែ​ត្រូវ​មាន​ទំនុកចិត្ត​ក្នុង​ការ​បង្កើត​អត្តសញ្ញាណ​ ​និង​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​ម៉ាក​ ព្រមទាំង​ស្វែងយល់​ ​និង​អនុវត្ត​បច្ចេកវិទ្យា​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ច្នៃប្រឌិត​ផលិតផល​ និង​សេវាកម្ម​។​

​ទី​៣​ ​ពី​ «​ការ​ស្វែងរក​ប្រាក់​ចំណេញ​រយៈពេល​ខ្លី​» ​ទៅ​ «​ទស្សនៈ​រយៈពេល​វែង​»​។ ​សហគ្រាស​គួរ​ចាត់ទុក​ម៉ាក​យីហោ​ជា​ទ្រព្យសម្បត្តិ​នៃ​ភាព​ជឿ​ទុកចិត្ត​រយៈពេល​វែង​ និង​កសាង​ភាព​ជឿ​ទុកចិត្ត​តាមរយៈ​គុណភាព​ ​និង​ស្ថិរភាព​។​

​ការ​គ្រប់គ្រង​តាម​បទដ្ឋាន​គួរ​ត្រូវបាន​ចាត់ទុក​ជា​ការ​វិនិយោគ​សម្រាប់​អនាគត​ ​មិន​មែន​ជា​បន្ទុក​ ​ហើយ​សហគ្រាស​គួរ​យក​ប្រាក់​ចំណេញ​ទៅ​វិនិយោគ​ឡើងវិញ​លើ​ការ​ស្រាវជ្រាវ​ ការ​អភិវឌ្ឍ​ ​និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ ​ដើម្បី​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព​។

​ទី​៤​ ​ពី​ «​ការ​ធ្វើដំណើរ​តែ​ម្នាក់ឯង​» ​ទៅ​ «​ការ​សហការ​ឈ្នះ​-​ឈ្នះ​»​។ ​សហគ្រាស​គួរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នកផ្គត់ផ្គង់​ និង​ដៃគូ ​ដើម្បី​បង្កើត​ខ្សែ​សង្វាក់​តម្លៃ​រឹងមាំ​ និង​កាត់បន្ថយ​ហានិភ័យ​។​

​ជាមួយគ្នា​នេះ​ ត្រូវ​លែង​ប្រកាន់​ «​ឯករាជ្យ​ផ្តាច់​ក្រ» ​ប៉ុន្តែ​ត្រូវ​ចែករំលែក​ធនធាន​ ​ដូចជា​ប្រព័ន្ធ​ដឹកជញ្ជូន​រួមគ្នា​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ និង​បង្កើន​ប្រសិទ្ធភាព​។

​ទី​៥​ ​ពី​ «​ការ​កំណត់​ត្រឹម​មូលដ្ឋាន​» ​ទៅ​ «​ទស្សនៈ​សកល​»​។ ​សហគ្រាស​គួរ​យក​វប្បធម៌​ក្នុង​ស្រុក​ជា​ឫស​គល់​ ​ប៉ុន្តែ​ប្រើ​ស្តង់ដារ​អន្តរជាតិ​ ​ដោយ​មាន​ទំនុកចិត្ត​ក្នុង​ការ​ប្រកួតប្រជែង​នៅលើ​ឆាក​ថ្នាក់​តំបន់​ ​និង​ពិភពលោក​។​

​លើស​ពី​នេះ​ សហគ្រាស​ត្រូវ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​រៀបរាប់​រឿងរ៉ាវ​សេដ្ឋកិច្ច​ជាតិ​ ​និង​នាំ​ផលិតផល​ និង​សេវាកម្ម​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​ពិភពលោក​។​

​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​បាន​បញ្ជាក់​ថា​ ​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​នេះ​ ​គឺជា​ផ្លូវ​ចាំបាច់​សម្រាប់​ការ​ផ្លាស់ប្តូរ​របស់​សហគ្រាស​កម្ពុជា​ ​និង​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។​

​លោក​បាន​លើកឡើង​ថា​ ​ការ​ធ្វើដំណើរ​ពី​ «​ការ​ត្រូវបាន​គេ​ស្គាល់​» ​ទៅ​ «​ការ​ត្រូវបាន​គេ​ជឿ​ទុកចិត្ត​» ​និង​ពី​ «​ផលិត​នៅ​កម្ពុជា​» ​ទៅ​ «​ម៉ាក​យីហោ​កម្ពុជា​» ​មិន​ត្រឹមតែ​ជា​គន្លឹះ​នៃ​ការ​រស់រាន​របស់​សហគ្រាស​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​គ្រឹះ​សម្រាប់​ការ​សម្រេច​ «​ចក្ខុវិស័យ​ឆ្នាំ​២០៥០​» ​របស់​កម្ពុជា​ផងដែរ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times