ស្ពាន​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា ​តម្លៃ​ ​៦០​ ​លាន​ដុល្លារ​ ​គ្រោង​តភ្ជាប់​នៅ​ចុង​ឆ្នាំ​ ​២០២៦​ ​នេះ​

​ភ្នំពេញ​៖​ ស្ពាន​ឆ្លង​ទន្លេ​បាសាក់ ​ចាក់អង្រែ​ក្រោម​-​ព្រែក​ប្រា ​តម្លៃ​ ​៦០​ ​លាន​ដុល្លារ​ ​គ្រោង​នឹង​តភ្ជាប់​នៅ​ចុង​ឆ្នាំ​ ​២០២៦​ ​ខណៈ​វឌ្ឍនភាព​នៃ​ការ​សាងសង់​សម្រេចបាន​ ​៨១,៤០​ ​ភាគរយ​ ​គិត​ត្រឹម​ចុង​ខែកក្កដា ​ឆ្នាំ​ ​២០២៦​ ​ដែល​លឿន​ជាង​ផែនការ​ដែល​បាន​កំណត់​។

​ឯកឧត្តម​ ផន ​រឹម ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ ​បាន​បញ្ជាក់​នៅ​ថ្ងៃទី​២៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ថា​ ​តាម​ការ​គ្រោងទុក​ ​ផ្នែក​ខាងឆ្វេង​នៃ​ស្ពាន​ ​ដែល​បច្ចុប្បន្ន​នៅសល់​ប្រវែង​ ​១០​ ​ម៉ែត្រ ​គ្រោង​នឹង​តភ្ជាប់​នៅ​ខែតុលា ​ឆ្នាំ​២០២៦​ ​ខណៈ​ផ្នែក​ខាងស្តាំ​នឹង​ត្រូវ​តភ្ជាប់​នៅ​អំឡុង​ពាក់កណ្ដាល​ខែធ្នូ ​ឆ្នាំ​២០២៦​។

​ឯកឧត្តម​ ផន ​រឹម ​បាន​បញ្ជាក់​ថា​ ​តាម​ប្រតិទិន​ការងារ​ ​ដំណើរការ​សាងសង់​មិន​មាន​ភាព​យឺតយ៉ាវ​ជាង​កម្មវិធី​ដែល​បាន​គ្រោង​ទុក​នោះ​ទេ​ ​ហើយ​គម្រោង​ត្រូវបាន​ត្រៀម​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២៧​។

​គួរ​រំលឹក​ផងដែរ​ថា​ ​ស្ពាន​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា ​បាន​បើក​ការ​ដ្ឋាន​សាងសង់​នៅ​ព្រឹក​ថ្ងៃទី​១៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០២៤​ ក្រោម​អធិបតីភាព​ ​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​និង​ឯកឧត្តម​ វ៉ាង​ ​វិន​ធៀន ​អតីត​ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

ស្ពាន​នេះ​មាន​ទីតាំង​ខាងលិច​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​ ​ខណ្ឌ​មានជ័យ​ និង​ខាងកើត​ស្ថិត​នៅ​សង្កាត់​ព្រែក​ប្រា ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​។

​តាម​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ ​គម្រោង​នេះ​មាន​តម្លៃ​ ​៦០​ ​លាន​ដុល្លារ​ ​ដែល​កម្ពុជា​ទទួលបាន​ពី​កម្ចី​របស់​រដ្ឋាភិបាល​ចិន​។ ​គម្រោង​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ ​និង​មាន​ក្រុមហ៊ុន​ក្វាង​ចូវ​វ៉ាន​អាន ​ជា​ទីប្រឹក្សា​គម្រោង​។​

ស្ពាន​មាន​ប្រវែង​ ​៨៤៥,៧០​ ​ម៉ែត្រ ​និង​ទទឹង​ ​២៧​ ​ម៉ែត្រ ​ដោយ​មាន​ ​៤​ ​គន្លង​សម្រាប់​រថយន្ត​ ​២​ ​គន្លង​សម្រាប់​ម៉ូតូ​ ​និង​ ​២​ ​គន្លង​សម្រាប់​អ្នក​ថ្មើរជើង​។

​នៅពេល​សាងសង់​រួច​ គម្រោង​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ និង​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​១​ ​នៅ​ខណ្ឌ​ច្បារអំពៅ​ ​ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​សង្គម​រវាង​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​ព្រលានយន្តហោះ​អន្តរជាតិ​តេជោ ​និង​ក្រុង​តាខ្មៅ​។

​គម្រោង​នេះ​ក៏​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដឹកជញ្ជូន​ ​និង​ភស្តុភារកម្ម​ក្នុង​តំបន់​រាជធានី​ភ្នំពេញ​ ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​តាម​ដងទន្លេ​បាសាក់​ និង​ជួយ​ពន្លឿន​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ផងដែរ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times