ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ ២០២៦ មានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបើកកម្មវិធីនាព្រឹកនេះ នៅ The Premier Centre Sen Sok។

ពិព័រណ៍អាពាហ៍ពិពាហ៍ជាកម្មវិធីទទួលបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឲ្យពិព័រណ៍នេះ មានទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ។ វាក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ការជួបជុំរវាងអ្នកផ្ដល់សេវារៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឲ្យបានកាន់តែជ្រៅជ្រះ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្ដល់ការណែនាំ គាំទ្រ និងបង្ហាញអំពីការវិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល ស្របតាមខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ។


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពន្យល់បញ្ជាក់ថា អាពាហ៍ពិពាហ៍គឺជាពេលវេលាដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏មានសុភមង្គល ការប្ដេជ្ញាក្នុងការកសាងជីវិតគ្រួសារដោយសេចក្ដីស្រឡាញ់ ភក្ដីភាព ទំនួលខុសត្រូវ និងភាពសុខដុមរមនា ជាពេលដែលញាតិមិត្តបានដឹងឮ ហើយក៏ជាពេលរំលឹកដល់មេបា ដូនតា ចាស់ទុំ គុណបំណាច់អ្នកជំនាន់មុន ដែលបានបន្សល់ទុកដល់យើង។
ស្រ្តីទី១ ក៏បានរំលឹកផងដែរអំពីការតុបតែង និងការស្លៀកពាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយធៀបនឹងសម័យបច្ចុប្បន្ននេះគឺមានភាពខុសគ្នា ព្រោះការវិវត្តនៃសង្គមនាំឲ្យមានការច្នៃប្រតិដ្ឋច្រើន និងរាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណដើមបានឡើយ ហើយការកែច្នៃមិនគួរក្លាយជាការកែបោះចោលអត្ថន័យដើមទេ៕







អត្ថបទ៖ឆដា, រូបភាព៖ Chanmony Pich




