កម្ពុជារកចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ ១.៧ ពាន់លានដុល្លារ

ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា បានបន្តបោះជំហានទៅមុខយ៉ាងរឹងមាំក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ នេះ ជាក់ស្តែង ក្នុងរយៈពេល ៦ ខែនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ១,០៣ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយរកចំណូលបានពីការនាំចេញប្រហែល ១ ៧៥១ លានដុល្លារអាមេរិក។

អ្នកវិភាគទីផ្សារបានលើកឡើងថា ការផ្គត់ផ្គង់ពីបណ្តាប្រទេសផលិតកម្មធំៗនៅតែមិនទាន់មានលំនឹង ខណៈដែលអ្នកកែច្នៃកំពុងព្យាយាមរក្សាតុល្យភាពរវាងតម្លៃវត្ថុធាតុដើមដ៏ខ្ពស់ ធៀបនឹងការបញ្ជាទិញដោយប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូល។

ទោះបីជាតម្លៃសាច់គ្រាប់ស្វាយចន្ទីកែច្នៃហាក់បីដូចជាមានស្ថិរភាព ប៉ុន្តែថ្លៃដើមជំនួសនៅតែបន្តប្រែប្រួល ដែលធ្វើឱ្យមានភាពមិនច្បាស់លាស់ថា តើតម្លៃបច្ចុប្បន្ននេះគឺជាតម្លៃទាបបំផុតថ្មីនៃទីផ្សារ ឬគ្រាន់តែជាការផ្អាកមួយរយៈ មុនពេលតម្លៃហក់ឡើងម្តងទៀតប៉ុណ្ណោះ។

ចំណែកឯកម្ពុជាវិញ នៅតែបន្តជាប្រទេសផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ ឈានមុខគេមួយនៅលើពិភពលោក ជាពិសេសគឺផ្គត់ផ្គង់ដល់ឧស្សាហកម្មកែច្នៃរបស់ប្រទេសវៀតណាម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានមានប្រសាសន៍ថា ទិន្នន័យក្រៅផ្លូវការដែលប្រមូលចងក្រងដោយ សសក បង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ដោយរកចំណូលបានពីការនាំចេញប្រហែល ១ ៧៥១ លានដុល្លារអាមេរិក។ តួលេខទាំងនេះតំណាងឱ្យការកើនឡើង ២៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ទោះបីជាលទ្ធផលនៃការនាំចេញមានភាពរឹងមាំក៏ដោយ លោក ស៊ីឡុត បានកត់សម្គាល់ថា កម្ពុជានៅតែបន្តកែច្នៃទិន្នផលស្វាយចន្ទីក្នុងស្រុកក្នុងសមាមាត្រធៀបមួយដ៏តិចតួចនៅឡើយ។

លោកបានបន្តថា៖ «ទោះបីជាកម្ពុជានៅតែជាប្រទេសផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ឈានមុខគេក៏ដោយ ការបង្កើនការកែច្នៃក្នុងស្រុកនឹងក្លាយជាកត្តាចាំបាច់បំផុត ដើម្បីចាប់យកតម្លៃបន្ថែម បង្កើតឱកាសការងារកាន់តែច្រើន និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងឧស្សាហកម្មស្វាយចន្ទីសកល»។

ក្រុមអ្នកសង្កេតការណ៍ឧស្សាហកម្មបានលើកឡើងថា នៅពេលដែលការប្រកួតប្រជែងនៅក្នុងទីផ្សារស្វាយចន្ទីសកលកាន់តែមានភាពស្វិតស្វាញ បណ្តាប្រទេសផលិតកម្មទាំងឡាយណាដែលវិនិយោគលើការកែច្នៃក្នុងស្រុក និងការបង្កើតតម្លៃបន្ថែម នឹងមានជំហរកាន់តែប្រសើរក្នុងការទាញយកផលប្រយោជន៍ពីកំណើនរយៈពេលវែង និងការប្រែប្រួលនៃរចនាសម្ព័ន្ធទីផ្សារ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times