ឧកញ៉ា ណូ សុភា បានបន្តការជួយដល់អ្នកនៅក្នុងវិស័យអប់រំថែមទៀតហើយ ដោយថ្មីៗនេះអគ្គនាយិកាក្រុមហ៊ុន Böttcher AG ប្រកាសឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនខ្លួនកាលពីអតីតកាលចំនួន ១៨ រូប និងអស់១៨ ម៉ឺនដុល្លារ។

សកម្មភាពរបស់ឧកញ៉ា ណូ សុភា ធ្វើឲ្យមហាជនក៏ដូចជាលោកគ្រូអ្នកគ្រូ ក្ដុកក្ដួល និងពោរពេញដោយស្នាមញញឹមដោយក្តីរំភើប។ ក្នុងកាយវិការដ៏ប្រពៃនៃឧកញ៉ា ណូ សុភា ដោយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០០០០ ដុល្លារជូនគ្រូម្នាក់ សរុប ១៨នាក់ ដែលស្មើនឹងទឹកប្រាក់សរុប ១៨០ ០០០ ដុល្លារ។ ថវិកាទាំងនេះត្រូវបានបែងចែកជូនជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងថ្លៃព្យាបាលជំងឺក្នុងវ័យជរារបស់ពួកគាត់។
ឧកញ៉ា ណូ សុភា បានលើកឡើងថា «មានថ្ងៃនេះ ព្រោះមានលោកគ្រូអ្នកគ្រូ»។ នេះជាសារស្តែងចេញពីបេះដូងដ៏បរិសុទ្ធរបស់ឧកញ៉ា ដែលទោះបីជាបច្ចុប្បន្នមានឋានៈខ្ពង់ខ្ពស់ និងជោគជ័យក្នុងឆាកជីវិតយ៉ាងណាក៏ដោយ ក៏មិនដែលបំភ្លេចដើមកំណើត និងអ្នកដែលធ្លាប់កាន់ដៃបង្រៀនអក្សរដំបូងៗនោះឡើយ។

បំណងប្រាថ្នាដ៏ធំធេងបំផុតរបស់ម្ចាស់ជំនួយរូបនេះ គឺការបានឃើញលោកគ្រូ អ្នកគ្រូមានជីវភាពរស់នៅប្រកបដោយភាពកក់ក្តៅ សេចក្តីថ្លៃថ្នូរ និងសមរម្យក្នុងវ័យជរា ដើម្បីជាការតបស្នងសងគុណដ៏ខ្ពង់ខ្ពស់ចំពោះ “វិស្វករព្រលឹង” ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ញើសឈាម និងពេលវេលាពេញមួយជីវិត ក្នុងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សជូនជាតិ។
លោកគ្រូ-អ្នកគ្រូចាស់ៗស្ទើរតែទប់ទឹកភ្នែករំភើបមិនចង់បាន ពេលទទួលបានការយកចិត្តទុកដាក់ពីសំណាក់អតីតសិស្សស្រីរូបនេះ មិននឹកស្មានថាសិស្សដែលខ្លួនធ្លាប់បង្ហាត់បង្រៀនពីតូច ក្លាយជាបុគ្គលជោគជ័យហើយ នៅចងចាំ និងវិលមកតបស្នងសងគុណពួកគាត់វិញទាំងក្ដីអាណិតស្រលាញ់ជាពន់ពេកបែបនេះឡើយ។
មិនត្រឹមតែលោកគ្រូ-អ្នកគ្រូនៅក្នុងខេត្តកំពង់ធំ ឬអតីតលោកគ្រូ-អ្នកគ្រូដែលធ្លាប់បង្រៀនឧកញ៉ា សុភា ប៉ុណ្ណោះទេ កន្លងមកក៏មានលោកគ្រូ-អ្នកគ្រូដែលមានជីវភាពខ្វះខាតនៅតាមបណ្ដាខេត្តនានាជាច្រើនទៀត ទទួលបានអំណោយឧបត្ថម្ភ និងជំនួយសង្គ្រោះរួចរាល់ផងដែរ ហើយក៏បានជួយកសាងជាសាលារៀន ដើម្បីឲ្យក្មេងៗទទួលបានការសិក្សាគ្រប់ៗគ្នា៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD




