គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក។
កិច្ចប្រជុំនេះ ត្រូវបានឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យដូចខាងក្រោម៖
- កសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន1- គម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និង 2- គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។
- វិស័យឧស្សាហកម្មចំនួន ៧គម្រោង រួមមាន 1- គម្រោងបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់ 2- គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ 3- គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អនិងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ 4- គម្រោងបង្កើតរោងចក្រផលិតមីនិងគ្រឿងផ្សំសម្រាប់មី
5- គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក) 6- គម្រោងបង្កើតរោងចក្រកែច្នៃអំបិល និង 7- គម្រោងអាជីវកម្មរ៉ែមាសនិងសាងសង់រោងចក្រកែច្នៃ។
គម្រោងវិនិយោគទាំង ៩ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងក្រចេះ៕
អត្ថបទ៖ ប៊ី







