អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីពេលថ្មីៗនេះបានបង្ក្រាបទីតាំងស្តុក និងចែកចាយសាប៊ូម៉ាក EMPRESS ក្លែងក្លាយ និងរឹបអូសផលិតផលសរុបជាង ៦.៧តោន ដោយមន្ត្រីជំនាញបញ្ជាក់ថា ផលិតផលទាំងនោះ មានប្រភពនាំចូលពីក្រៅប្រទេស ទាំងសាប៊ូ និងសំបកវេចខ្ចប់ ដើម្បីបន្លំអ្នកប្រើប្រាស់។

ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានទទួលបានបណ្តឹងពីម្ចាស់ផលិតផលសាប៊ូម៉ាក EMPRESS អំពីការលក់ផលិតផលក្លែងក្លាយនៅលើទីផ្សារ។ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា មន្ត្រី ក.ប.ប. សហការជាមួយម្ចាស់ផលិតផល បានចុះប្រតិបត្តិការនៅគោលដៅជាច្រើន។
ក្នុងនោះនៅតូបលេខ៧៧ និង៧៨ ប្លុក ខ២៧ ផ្សារអូរឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចបានរកឃើញសាប៊ូក្លែងក្លាយម៉ាក EMPRESS ៣ប្រភេទ សរុប ៤១ដប ស្មើនឹង ១៥.២គីឡូក្រាម។


បន្ទាប់មក សមត្ថកិច្ចបានបន្តឆែកឆេរទីតាំងមួយនៅផ្ទះលេខ១៣៩ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានម្ចាស់ជាជនជាតិចិន។ នៅទីនោះ ក្រុមការងារបានរកឃើញផលិតផលសង្ស័យក្លែងក្លាយសរុប ៧០២កេស ស្មើនឹង ៦,៧៣៩គីឡូក្រាម។
លោក គឹម សុខសីហា បានបញ្ជាក់ថា ផលិតផលក្លែងក្លាយទាំងនេះមានប្រភពមកពីក្រៅប្រទេស ដើម្បីបន្លំម៉ាកសញ្ញា និងបង្កការភាន់ច្រឡំដល់អ្នកប្រើប្រាស់។ បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា សមត្ថកិច្ច ក.ប.ប. កំពុងបន្តនីតិវិធីស៊ើបអង្កេត ប្រមូលភស្តុតាង និងសាកសួរជនពាក់ព័ន្ធ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ក.ប.ប. បានឲ្យដឹងថា ផលិតផលក្លែងក្លាយ និងបន្លំម៉ាកសញ្ញាទាំងអស់ នឹងត្រូវសហការជាមួយតំណាងក្រុមហ៊ុនប្រមូលចេញពីទីផ្សារ ដើម្បីអនុវត្តនីតិវិធី និងបំផ្លាញតាមបច្ចេកទេស សំដៅការពារសុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន៕

អត្ថបទ៖ ឆដា, រូបភាព៖ ក.ប.ប




