សហរដ្ឋអាម៉េរិក សម្រេចដាក់ពន្ធគយអត្រាត្រឹម ១០ ភាគរយលើកម្ពុជា

សហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធគយអត្រាត្រឹម ១០ ភាគរយលើកម្ពុជា និងផ្តល់ការលើកលែងពន្ធដល់កម្ពុជា សម្រាប់បញ្ជីទំនិញដែលសហរដ្ឋអាមេរិកមិនផលិត ដូចជាគ្រាប់ស្វាយចន្ទីជាដើម។ នេះបើយោងតាមការបញ្ជាក់របស់លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦។

លោក Casey Barnett បានសរសេរនៅលើបណ្តាញសង្គមថា៖ ថ្ងៃនេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) បានដាក់ពន្ធគយអត្រា 10% លើកម្ពុជា បន្ទាប់ពីការស៊ើបអង្កេតតាមមាត្រា 301។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានដាក់ពន្ធគយអត្រា 12.5% លើប្រទេសចំនួន 38 ផ្សេងទៀត រួមទាំងប្រទេសថៃ និងវៀតណាមផងដែរ។ លើសពីនេះ សហរដ្ឋអាមេរិកបានផ្តល់ការលើកលែងពន្ធដល់កម្ពុជា សម្រាប់បញ្ជីទំនិញដែលសហរដ្ឋអាម៉េរិកមិនផលិត ដូចជាគ្រាប់ស្វាយចន្ទីជាដើម។

ចំណុចសំខាន់នោះគឺ សហរដ្ឋអាមេរិកផ្តល់ជូនកម្ពុជានូវការលើកលែងពន្ធពិសេសសម្រាប់ផលិតផលសម្លៀកបំពាក់ ដោយផ្អែកលើបរិមាណកប្បាស ឬក្រណាត់កប្បាសអាម៉េរិក ដែលកម្ពុជានាំចូល។ ការលើកលែងពន្ធសម្រាប់ការនាំចូលកប្បាសអាមេរិកនេះ មានគោលបំណងជំរុញផលិតកម្មក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

នេះជាឱកាស ប៉ុន្តែក៏ជាហានិភ័យផងដែរ។ ក្នុងឆ្នាំ 2025 កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅសហរដ្ឋអាម៉េរិកក្នុងទឹកប្រាក់ 4 ពាន់លានដុល្លារ។ ក្នុងឆ្នាំដដែលនោះ កម្ពុជាបាននាំចូលកប្បាស និងក្រណាត់ពីប្រទេសចិនក្នុងទឹកប្រាក់ 2.8 ពាន់លានដុល្លារ ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតសម្លៀកបំពាក់នាំចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ចំណែកឯការនាំចូលកប្បាស និងក្រណាត់ពីសហរដ្ឋអាមេរិកវិញ មានត្រឹមតែ 137,000 ដុល្លារប៉ុណ្ណោះ ដែលជាចំនួនតូចតាចបំផុត។

ហានិភ័យនោះគឺថា ក្នុងរយៈពេលខ្លី កម្ពុជាអាចបាត់បង់ការបញ្ជាទិញទៅឱ្យប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដែស ដែលទទួលបានអត្រាពន្ធ 10% ពីសហរដ្ឋអាមេរិកដូចគ្នា ព្រមទាំងការលើកលែងពន្ធសម្រាប់សម្លៀកបំពាក់ផងដែរ។ ប្រទេសទាំងពីរនេះជាដៃគូប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យកាត់ដេរ ហើយពួកគេមានឧស្សាហកម្មផលិតក្រណាត់ដ៏ធំស្រាប់ផងដែរ។ កម្ពុជាខ្វះរោងចក្រផលិតក្រណាត់។ ដូច្នេះ កម្ពុជាត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីទាក់ទាញការវិនិយោគលើផលិតកម្មក្រណាត់ បើពុំដូច្នោះទេ នឹងបាត់បង់ការបញ្ជាទិញបន្តិចម្តងៗ។ ឧបសគ្គរួមមាន តម្លៃអគ្គិសនីខ្ពស់នៅកម្ពុជា និងដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថានដ៏លំបាក។

កម្ពុជាក៏ប្រឈមនឹងហានិភ័យ និងឱកាសផងដែរ ចំពោះពន្ធគយសំណុំទីពីរ ដែលនឹងត្រូវប្រកាសដោយ USTR ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតតាមមាត្រា 301 ស្តីពីសមត្ថភាពផលិតកម្មលើស។ ពន្ធទីពីរនេះ ត្រូវបានរំពឹងថានឹងចេញក្នុងរយៈពេលពីរខែខាងមុខ។ កម្ពុជាអាចនឹងទទួលបានអត្រាអំណោយផលក្នុងពន្ធបន្ទាប់នេះ ប៉ុន្តែក៏អាចមានលក្ខខណ្ឌតម្រូវឱ្យកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិនផងដែរ។ បន្ទាប់ពីពន្ធស្តីពីសមត្ថភាពផលិតកម្មលើសនេះ USTR ត្រូវបានរំពឹងថានឹងវិលត្រឡប់មកពិភាក្សាជាមួយកម្ពុជាឡើងវិញ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក (Agreement on Reciprocal Trade) ដើម្បីបញ្ចប់ការធ្វើវិសោធនកម្ម និងជំរុញឱ្យរដ្ឋសភាកម្ពុជាផ្តល់សច្ចាប័ន។

ឧបសគ្គមួយទៀតចំពោះឧស្សាហកម្មកាត់ដេររបស់កម្ពុជា គឺកង្វះវឌ្ឍនភាពជាសាធារណៈណាមួយ ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ កម្ពុជានឹងបាត់បង់ការលើកលែងក្រោមប្រព័ន្ធ EBA (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) ពីសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ ហើយម៉ាកយីហោនានាមិនសុខចិត្តបង្កើនការបញ្ជាទិញនៅកម្ពុជាឡើយ លុះត្រាតែមានសញ្ញានៃវឌ្ឍនភាពឆ្ពោះទៅសម្រេចបាន FTA ឬរបបពន្ធអំណោយផលផ្សេងទៀត នៅពេលការលើកលែង EBA ផុតកំណត់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times