Angelina Jolie ចេញសារ​រំលឹក​ខួប​មួយឆ្នាំ នៃការចាប់ផ្តើមសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា

កំពូល​តារា​ហូលីវូដ​ដែល​មាន​សញ្ជាតិ​ខ្មែរ Angelina Jolie បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Instagram ដោយ​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ផ្ទុះ​អាវុធ​នៅ​ព្រំដែន។

តាមដានជាមួយយើង៖ Million Times

នៅ​ព្រឹក​ថ្ងៃ ២៤ ខែ​កក្កដា ឆ្នាំ ២០២៦ ដែល​ជា​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឈ្លានពាន​ពី សំណាក់​យោធា​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា កំពូល​តារា​សម្ដែង​ស្រី Angelina Jolie បាន​បង្ហោះ​សារ​បង្ហាញ​ពី​ការ​លំបាក​របស់​ប្រជាជន​ខ្មែរ​ដែល​មិនទាន់​អាច​ត្រលប់​ទៅ​លំនៅឋាន​របស់​ខ្លួន​នៅ​ឡើយ ព្រម​ទាំង​បាន​បង្ហាញ​ក្ដី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​របស់​អ្នកស្រី​ចំពោះ​ប្រទេស​កម្ពុជា។

តួឯក​ស្រី​ក្នុង​រឿង “Maleficent” រូប​នេះ​បាន​សរសេរ​រៀបរាប់​លើ​អ៊ីនស្ដ្រាក្រាម​ថា “រយៈពេល​មួយ​ឆ្នាំ​មក​នេះ ជម្លោះ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​បាត់បង់​អារម្មណ៍​មាន​ស្ថិរភាព និង​សុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជន​ជិត ៣០ ០០០នាក់ នៅតែ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ។ កម្ពុជា​តែងតែ​ជា​ប្រទេស​ដ៏​ពិសេស​មួយ​សម្រាប់​រូប​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ទីនេះ​ជា​ប្រទេស​កំណើត​កូន​ប្រុស​របស់​ខ្ញុំ ទីនេះ​ជា​ផ្ទះ​របស់​ពួក​យើង ហើយ​អស់​រយៈពេល ២០ ឆ្នាំ​មក​នេះ យើង​បាន​បំពេញ​ការងារ​ជាមួយ​ក្រុម​ការងារ​ក្នុង​សហគមន៍​នានា​ស្ដី​ពី​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​សហគមន៍»។

កំពូល​តារា​ស្រី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា មូលនិធិ Maddox មាន​ទី​ស្នាក់​ការ​នៅ​ក្នុង​តំបន់​ព្រំដែន​ជា​កន្លែង​តែមួយ​ដែល​ជម្លោះ​ព្រំដែន​បាន​ផ្ទុះ​ឡើង។ តារា​វ័យ ៥១ ឆ្នាំ​របស់​អាមេរិក បាន​ពោល​ថា នាង​មាន​កិត្តិយស​ដែល​បាន​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​ជាមួយ​អ្នក​ជិត​ខាង និង​ក្រុម​ការងារ​មូលនិធិ ខណៈ​បាន​ដោះ​គ្រាប់មីន និង​បាន​អភិវឌ្ឍ​តំបន់​ជាមួយ​គ្នា។ កំពូល​តារា​ហូលីវូដ បន្ត​ថា «នៅ​ពេល​ដែល​ជម្លោះ​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​មុន យើង​បាន​ជម្លៀស​បុគ្គលិក​របស់​យើង និង​គ្រួសារ​របស់​ពួកគេ ហើយ​បទ​ពិសោធន៍​ដ៏​ឈឺចាប់​ទាំងនេះ​បាន​បង្ហាញ​ថា​​ជម្លោះ​អាច​ផ្ទុះ​ឡើង​វិញ​បាន​ភ្លាមៗ»។

ជាចុងក្រោយ Angelina Jolie បាន​បន្ថែម​សំណេរ​ជា​ភាសា​ខ្មែរ​ថា “ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ប្រជាជន​ដែល​មាន​ភាព​រឹងមាំ ព្រម​ទាំង​ពោរពេញ​ដោយ​ភាព​កក់ក្ដៅ និង​រួសរាយ​រាក់ទាក់។ ខណៈ​យើង​ពិតជា មាន​ក្ដី​សោមនស្ស​រីករាយ ដើម្បី​ចាប់​ផ្ដើម ការងារ​របស់​ពួក​យើង​ឡើងវិញ ក្នុង​ការ​ការពារ​ដីធ្លី និង​គាំទ្រ​ដល់​សុខុមាលភាព​សហគមន៍ ព្រមទាំង​ការ​រស់នៅ បេះដូង​របស់​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដែល​ទន្ទឹង​រង់ចាំ​ថ្ងៃ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ“។


គួរ​បញ្ជាក់​ផង​ដែរ​ថា Angelina Jolie មិន​ត្រឹម​បង្ហោះ​សំណេរ​ក្ដុកក្ដួល​បង្ហាញ​ពី​ការ​ឈឺចាប់​របស់​ខ្មែរ ដែល​ចាក​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​ដោយសារ​ជម្លោះ​ព្រំដែន​ឡើយ លោកស្រី​ក៏​មាន​ភ្ជាប់​រូបភាព​ជន​ភៀស​សឹក​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ REUTERS/Kim Hong-Ji និងបណ្ដាញ​សង្គម