កម្ពុជាបាននិងកំពុងបន្តបង្ហាញពីភាពជាគោលដៅវិនិយោគមានសក្តានុពលខ្ពស់នៅក្នុងតំបន់ តាមរយៈបរិយាកាសធុរកិច្ចអំណោយផល និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្តរបស់ក្រុមហ៊ុន KNN Automotive Co., Ltd. កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន គឺជាការបង្ហាញពីទំនុកចិត្តលើសុខសន្តិភាព ស្ថិរភាពនយោបាយ បរិយាកាសធុរកិច្ច និងសក្តានុពលសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជាបន្តរក្សាបាននូវសន្ទុះកំណើនវិនិយោគជាវិជ្ជមាន ដោយក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០គម្រោង ក្នុងទំហំទុនវិនិយោគជិត ១០ប៊ីលានដុល្លារអាម៉េរិក ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគម្រោងវិនិយោគចំនួន ២៧៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមក៏បានលើកឡើងពីភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងតួនាទីដ៏សំខាន់របស់តំបន់សេដ្ឋកិច្ចពិសេសក្នុងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ក៏ដូចជាការទាក់ទាញប្រភពទុនវិនិយោគដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់មកកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រនៅក្នុងតំបន់ ដោយសារកំណើនជាបន្តបន្ទាប់នៃការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំយានយន្ត ដែលរួមចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជាក្នុងខ្សែច្រវាក់តម្លៃសកល។
គណៈកម្មាធិការវិនិយោគកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិន ដើម្បីសម្របសម្រួលការអនុវត្តគម្រោងវិនិយោគឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និរន្តរភាព និងមានភាពទាក់ទាញសម្រាប់វិនិយោគិនមកពីជុំវិញពិភពលោក។
គួររំលឹកផងដែរថា ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២៦ កម្ពុជាបានអនុម័ត និងចុះបញ្ជីគម្រោងវិនិយោគថ្មីសរុប ២៧៦ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៤,៧ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារថ្មីប្រមាណ ១៦០,០០០ កន្លែង។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) គម្រោងទាំងនេះផ្តោតលើវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
ក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុម័ត ១៨១ គម្រោង (ទុនវិនិយោគ ៤,៤ពាន់លានដុល្លារ បង្កើតការងារ ១២០,០០០កន្លែង) រួមមានគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស ១០៥, តំបន់សេដ្ឋកិច្ចពិសេសថ្មី ៧, និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ៦៩។ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) បានអនុម័ត ៩៥ គម្រោង (ទុនវិនិយោគ ២៩១លានដុល្លារ បង្កើតការងារ ៣៥,០០០កន្លែង)៕
អត្ថបទ៖ ប៊ី






