ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នឹងសម្រេចបានកំណើនក្នុងអត្រា ៣,៩% និងរំពឹងថានឹងកើនឡើងដល់ ៥% នៅក្នុងឆ្នាំ២០២៧ ដែលគាំទ្រដោយកំណើនល្អនៃការនាំចេញ វិនិយោគផ្ទាល់ពីបរទេស (FDI) និងការកើនឡើងនៃផលិតកម្មក្នុងស្រុក បើទោះបីជាទទួលបានផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមខាងក្នុងនាដើមឆ្នាំក៏ដោយ។
ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការដែលកម្ពុជាអាចសម្រេចបានកំណើនក្នុងកម្រិតពី ៣% ទៅ ៤% នេះ បង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ប្រឈមនឹងវិបត្តិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តរក្សាសុខសុវត្ថិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងផ្លែផ្កានៃការកែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ចស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ផ្អែកលើការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនាឆមាសទី១ ក្នុងអត្រា ៣,៥% ធនាគារជាតិនៃកម្ពុជាមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចនឹងងើបឡើងបន្តិចនាឆមាសទី២ ដល់ ៤,៣% ដោយសារការនាំចេញក្នុងវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម ព្រមទាំងលំហូរការវិនិយោគផ្ទាល់ពីបរទេស ខណៈវិស័យទេសចរណ៍មានការធ្លាក់ចុះ ហើយវិស័យសំណង់និងអចលនទ្រព្យនៅមានភាពទន់ខ្សោយ។
ចំពោះការព្យាករពីស្ថាប័នអន្តរជាតិវិញ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ថយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣% ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅបន្តរក្សាការព្យាករក្នុងអត្រាប្រមាណ ៤,២%។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានសម្រេចដាក់ពន្ធគយលើកម្ពុជាក្នុងអត្រា ១០% ដែលស្មើនឹងប្រទេសប្រកួតប្រជែងមួយចំនួនដូចជា បង់ក្លាដេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប៉ាគីស្ថាន ហើយទាបជាងប្រទេសហ្វីលីពិន ថៃ និងវៀតណាម ដែលត្រូវជាប់ពន្ធក្នុងអត្រា ១២,៥%។
ចំពោះទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត នាឆមាសទី១ ឆ្នាំ២០២៦ នេះ អត្រាអតិផរណារួមមានកម្រិត ៤,៩% ដោយសារថ្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ ពីព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណា ប្រាក់រៀលនៅតែបន្តមានស្ថិរភាពល្អ ដោយអត្រាប្តូរប្រាក់ជាមធ្យមមាន ៤.០១៧ រៀលក្នុងមួយដុល្លារអាមេរិក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាកម្មលើទីផ្សារ។
បន្ថែមពីនេះ បរិមាណទុនបម្រុងអន្តរជាតិបានរក្សាកម្រិតខ្ពស់គ្រប់គ្រាន់ រហូតដល់ស្មើនឹង ៨ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតស្តង់ដារ ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ៕
អត្ថបទ៖ ប៊ី






