ទុរេន​ស្រស់​កម្ពុជានាំចេញ​​ទៅកាន់​ទីផ្សារ​​ចិន​ ​កើនឡើង​ជិត​ ​៤០ ​ដង​

គិត​ត្រឹម​ ​៧ ​ខែ ​ដើម​ឆ្នាំ ​២០២៦​ ​ការ​នាំចេញ​ទុរេន​ស្រស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ ​កើនឡើង​ជិត​ ​៤០​ដង​ ​ធៀប​នឹង​បរិមាណ​នាំចេញ​សរុប​ក្នុង​ឆ្នាំ​ ​២០២៥​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ​។

​ឯកឧត្តម ​ឃឹម​ ហ្វីណង់ ​អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ ​កាលពី​ថ្ងៃ​ ​២៥​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ការ​ដឹកជញ្ជូន​នាំចេញ​ទុរេន​ស្រស់​ជើង​ទី​១​ ​ចំនួន​៣​ ​កុងតឺន័រ ​(​ប្រមាណ​ជាង​ ​៥០​តោន​) ​របស់​ក្រុមហ៊ុន​ ​ពេជ្រ​ជដា ​(​Pechenda​ ​Fruit​ ​Production​ ​Co​.​,​ ​Ltd​.​) ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ​តាម​ច្រក​ដឹកជញ្ជូន​ផ្លូវគោក​ឆ្លងកាត់​ប្រទេស​ឡាវ​។

​ការ​នាំចេញ​ទុរេន​ស្រស់​ពី​កម្ពុជា​ទៅ​ទីផ្សារ​ចិន ​បាន​ហក់​ឡើង​ដល់​ ​៥​ ​៧៣៨​តោន ​(​គិត​ត្រឹម​ ​៧​ខែ​ដើម​ឆ្នាំ​២០២៦​) ​ដែល​កើនឡើង​ជិត​ ​៤០​ដង​ ​ធៀប​នឹង​បរិមាណ​នាំចេញ​សរុប​ក្នុង​ឆ្នាំ​២០២៥​។

​សមិទ្ធផល​នេះ​ ​គឺជា​ផ្លែ​ផ្កា​នៃ​កិច្ចខិតខំប្រឹងប្រែង​យ៉ាង​សកម្ម​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្នុង​ការ​សម្របសម្រួល​ ​បើក​ច្រក​ដឹកជញ្ជូន​ផ្លូវ​គោក​ថ្មី​ឆ្លងកាត់​ប្រទេស​ឡាវ ​ដែល​អាច​កាត់បន្ថយ​រយៈពេល​ដឹកជញ្ជូន​មក​ត្រឹមតែ​ ​៥​ ​ថ្ងៃ​ ​ប៉ុណ្ណោះ​ ​បើ​ប្រៀបធៀប​នឹង​ការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ដែល​ត្រូវ​ចំណាយ​ពេល​ពី​ ​១៥​ ​ទៅ​ ​២០​ថ្ងៃ​។

​បើ​ទោះបីជា​ទើបតែ​ដំណើរការ​ថ្មី​ៗ​នេះ​ ច្រក​នាំចេញ​ថ្មី​នេះ​កំពុង​រួមចំណែក​ស្រូបយក​បរិមាណ​នាំចេញ​រហូតដល់​ជិត​ ​១០​% ​នៃ​ការ​នាំចេញ​ទុរេន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​សរុប​ប្រចាំ​ឆ្នាំ​២០២៦​។

​យោង​តាម​ទិន្នន័យ​ពី​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ​បាន​ឱ្យដឹង​ថា​ ​នៅក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​នេះ​ ​ប្រទេស​ចិន​នៅតែ​បន្ត​ឈរឈ្មោះ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​ ​ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​សរុប​បាន​កើនឡើង​ប្រមាណ​ ​២៥.៤​% ​រហូតដល់​ជាង​ ​១១​ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

​ក្នុង​រយៈពេល​ ​៦​ខែ​ដំបូង​នេះ​ ​(​មក​រា​-​មិថុនា​) ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ចិន​ក្នុង​តម្លៃ​ ​៩៤៣​ ​លាន​ដុល្លារ​ (​កើនឡើង​ ​២៥.៧​%​) ​ខណៈ​ការ​នាំចូល​ពី​ចិន​វិញ​មាន​តម្លៃ​ជាង​ ​១០​ ​ពាន់​លាន​ដុល្លារ​ (​កើនឡើង​ ​២៥.៤​%​) ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​ទំនិញ​ចម្បង​ៗ​ដែល​កម្ពុជា​នាំចេញ​ទៅ​ចិន ​ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម​គុណភាព​ខ្ពស់​ ​ដូចជា​ ​អង្ករ​ ​មៀន​ស្រស់ ​ចេក​ស្រស់ ​ស្វាយ​ ​ដំឡូង​មី ​និង​ទុរេន​ជាដើម​។

​ដោយឡែក​ ក្នុង​រយៈពេល​ ​៦​ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន​ ​ហុងកុង ​និង​ម៉ាកាវ ​បាន​សរុប​ចំនួន​ ​១៧០,៤៨៣​ ​តោន ​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ ​៩៩.៦៧​ ​លាន​ដុល្លារ​អាមេរិក​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times