ការ​លើកលែង​ពន្ធ​គយ​របស់​សហរដ្ឋ​អាម៉េរិក​ផ្តល់​ឱកាស​សម្រាប់​ឧស្សាហកម្ម​ស្វាយចន្ទី​កម្ពុជា​

​ឧស្សាហកម្ម​ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា​ ​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ការ​លើកលែង​ពន្ធ​គយ​ថ្មី​ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាម៉េរិក ​ប៉ុន្តែ​ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​លើកឡើង​ថា​ សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​ដ៏​មាន​កម្រិត​របស់​ប្រទេស​កម្ពុជា​ ​នៅតែ​បន្ត​រារាំង​ប្រទេស​នេះ​មិន​ឱ្យ​ទាញយក​ផលប្រយោជន៍​បាន​ពេញលេញ​ពី​ឱកាស​មួយ​នេះ​។

​បន្ទាប់ពី​ការ​ស៊ើបអង្កេត​តាម​មាត្រា​ ​៣០១​ ​(​Section​ ​301​) ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ​(​USTR​) ​បាន​ដាក់​ពន្ធ​គយ ​១០​ ​ភាគរយ ​លើ​មុខ​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា​។ ​សហរដ្ឋ​អាម៉េរិក​ក៏​បាន​ប្រកាស​ដាក់​ពន្ធ​គយ​រហូតដល់​ ​១២,៥​ ​ភាគរយ ​លើ​មុខ​ទំនិញ​នាំចូល​ពី​ប្រទេស​ចំនួន​ ​៣៨​ ​ផ្សេង​ទៀត​ ​រួមទាំង​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ផងដែរ​។

​ទោះបីជា​មាន​វិធានការ​ពន្ធ​គយ​ថ្មី​ទាំង​នេះ​ក៏ដោយ​ ​កម្ពុជា​ទទួលបាន​ការ​លើកលែង​សម្រាប់​ផលិតផល​មួយចំនួន​ដែល​មិន​ត្រូវ​ បាន​ផលិត​នៅក្នុង​សហរដ្ឋ​អាម៉េរិក ​រួមទាំង​គ្រាប់​ស្វាយចន្ទី​ផងដែរ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ភាគី​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​កត់សម្គាល់​ថា​ ​កម្ពុជា​នាំចេញ​ទិន្នផល​ស្វាយចន្ទី​ភាគ​ច្រើន​ជា​ទម្រង់​វត្ថុធាតុ​ដើម​ (​គ្រាប់​ស្ងួត​) ​ដែល​កម្រិត​ដល់​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​កែច្នៃ​ ដ្បិត​ទីផ្សា​អាមេរិក​ត្រូវការ​គ្រាប់​ចន្ទី​កែច្នៃ​។

​ទោះបីជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយចំនួន​បាន​គាំទ្រ​ដល់​គម្រោង​នានា​ដែល​មាន​គោលបំណង​ពង្រីក​ការ​នាំចេញ​សាច់​គ្រាប់​ស្វាយចន្ទី​កម្ពុជា​ទៅកាន់​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​ក៏ដោយ​ ​ក៏​លទ្ធផល​ទទួលបាន​នៅតែ​មាន​កម្រិត​តិចតួច​នៅឡើយ​។ ​គំនិត​ផ្តួចផ្តើម​ទាំង​នេះ​ភាគ​ច្រើន​ផ្តោត​លើ​ការ​កែច្នៃ​ ​និង​ការ​ជម្រុញ​ការ​នាំចេញ​ ​ខណៈ​ដែល​សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​នៅតែ​បន្ត​ធ្លាក់ចុះ​ ​ដែល​ធ្វើឱ្យ​រារាំង​ដល់​សមត្ថភាព​នៃ​ឧស្សាហកម្ម​នេះ​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​នៅក្នុង​ទីផ្សារ​។

​លោក​ ​អួន​ ស៊ីឡុត​ ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​ ​(​សសក​) ​ជឿជាក់​ថា​ ​ការ​បង្កើន​ការ​កែច្នៃ​ក្នុង​ស្រុក​នៅតែ​ជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​កម្ពុជា​ ​ក្នុង​ការ​ចាប់​យក​តម្លៃ​បន្ថែម​ឱ្យ​បាន​កាន់តែ​ច្រើន​ពី​វិស័យ​ស្វាយចន្ទី​របស់​ខ្លួន​ ​បង្កើត​ឱកាស​ការងារ​ ​និង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​។​

វិធានការ​ពាណិជ្ជកម្ម​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ​ក៏​រួមបញ្ចូល​ទាំង​ការ​លើកទឹកចិត្ត​ពន្ធ​គយ​ពិសេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​របស់​កម្ពុជា​ ​ដោយ​ផ្អែក​លើ​បរិមាណ​កប្បាស ​និង​ក្រណាត់​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​ដែល​ត្រូវបាន​នាំចូល​សម្រាប់​សង្វាក់​ផលិតកម្ម​។ ​គោលនយោបាយ​នេះ​ ​មាន​គោលបំណង​លើកទឹកចិត្ត​ឱ្យ​មាន​ការ​បញ្ជាទិញ​វត្ថុធាតុ​ដើម​ពី​សហរដ្ឋ​អាម៉េរិក ​ព្រមទាំង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន​។

​យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ដែល​មាន​ ក្នុង​ឆ្នាំ​២០២៥​ កម្ពុជា​បាន​នាំចេញ​ផលិតផល​កាត់ដេរ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ទៅកាន់​សហរដ្ឋ​អាមេរិក​។ ​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ​ កម្ពុជា​បាន​នាំចូល​កប្បាស ​និង​ក្រណាត់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​២,៨​ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ពី​ប្រទេស​ចិន​ ​សម្រាប់​ផលិតកម្ម​កាត់ដេរ ​ខណៈ​ដែល​ការ​នាំចូល​កប្បាស ​និង​ក្រណាត់​ពី​សហរដ្ឋ​អាមេរិក​ ​មាន​សរុប​ត្រឹមតែ​ប្រមាណ​ ​១៣៧​ ​០០០​ ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

​លោក​ ​Casey​ ​Barnett​ ​អតីត​ប្រធាន​សមាគម​ពាណិជ្ជកម្ម​អាម៉េរិក​នៅ​កម្ពុជា​ ​(​AmCham​) ​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​ប្រឈមមុខ​នឹង​ទាំង​ឱកាស​ និង​បញ្ហា​ប្រឈម ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​រៀបចំ​ដាក់ចេញ​នូវ​ពន្ធ​គយ​ជុំ​ទី​ពីរ ​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ផលិតកម្ម​លើ​ស ​ក្រោម​ការ​ស៊ើបអង្កេត​តាម​មាត្រា​ ​៣០១​។

​លោក​បាន​កត់សម្គាល់​ថា​ ​ការ​ប្រកាស​ពន្ធ​គយ​នា​ពេល​ខាងមុខ​នេះ​ ត្រូវបាន​រំពឹង​ថា​នឹង​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ខែ​ខាងមុខ​ ​ហើយ​អាចនឹង​ផ្តល់ឱ្យ​កម្ពុជា​នូវ​អត្រា​ពន្ធ​គយ​អំណោយផល​ជាង​មុន​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណាមួយ​ក៏​អាចនឹង​អម​មក​ជាមួយ​នូវ​លក្ខខណ្ឌ​ដែល​លើកទឹកចិត្ត​ឱ្យ​កម្ពុជា​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន​ ​និង​ធ្វើ​ពិពិធកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​របស់​ខ្លួន​ផងដែរ​។

​លោក​ ​Barnett​ ​បាន​បន្ថែម​ថា​ ​បន្ទាប់ពី​ការ​សម្រេចចិត្ត​លើ​ពន្ធ​សមត្ថភាព​ផលិតកម្ម​លើស​នេះ​ ការិយាល័យ​ ​USTR​ ​ត្រូវបាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​ការ​ពិភាក្សា​ឡើងវិញ​ជាមួយ​កម្ពុជា​ ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​ដែល​បាន​ស្នើ​ឡើង​។ ​ការ​ចរចា​នេះ​ ​មាន​គោលបំណង​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ ​និង​បើក​ផ្លូវ​សម្រាប់​ការ​ពិនិត្យ​ ​និង​ផ្តល់​សច្ចាប័ន​ដោយ​រដ្ឋសភា​កម្ពុជា​។

​សម្រាប់​ឧស្សាហកម្ម​ស្វាយចន្ទី​កម្ពុជា​ ​ការ​វិវត្ត​ទាំងនេះ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រីក​សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​។ ​ក្រុម​អ្នកសង្កេតការណ៍​ឧស្សាហកម្ម​បាន​លើកឡើង​ថា​ ​ប្រសិនបើ​គ្មាន​ការ​វិនិយោគ​ធំ​ដុំ​លើ​រោងចក្រ​កែច្នៃ​ទេ​នោះ​ ​ប្រទេស​នេះ​នឹង​នៅតែ​បន្ត​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ភាគ​ច្រើន​របស់​ខ្លួន​ ​ខណៈ​ដែល​ខកខាន​ឱកាស​ក្នុង​ការ​ទទួលបាន​ផលប្រយោជន៍​ពី​ការ​ចូល​ទៅកាន់​ទីផ្សារ​អនុគ្រោះ​ពន្ធ​ ​និង​ការ​នាំចេញ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times