សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងការអរគុណចំពោះការចូលរួមជាមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចនិងមធ្យម (SME) ជួបប្រទះ ហើយបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់ មួយពាក់ព័ន្ធនឹង SME។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ កក្កដា ម្សិលមិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកលើយោបល់របស់បងប្អូននិងលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់បន្ថែមជាមួយតួអង្គពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីដោះស្រាយបញ្ហាសំខាន់ៗជូន SME។
សម្ដេច ធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យសេដ្ឋកិច្ចរីកចម្រើន យើងត្រូវពង្រឹងខ្លួនឯង។ ក្នុងន័យនេះមានកិច្ចការងារពីរដែលនឹងធ្វើកំណែទម្រង់។ កំណែទម្រង់ទី១ គឺកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ដោយធ្វើការវាយតម្លៃ រៀបចំ និងធ្វើវិសោធនកម្មច្បាប់។ ទី២.គឺបង្កើនប្រសិទ្ធភាពរបស់ CDC បង្កើនទម្ងន់ការងារអនុវត្តដែលនីតិវិធីមួយចំនួនត្រូវធ្វើ។
សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ឥឡូវនេះមនុស្សកាន់ឯកសាររត់ទៅរកស្ថាប័ន បន្តិចទៀតអត់មានមនុស្សកាន់ឯកសាររត់ទៅស្ថាប័នទេ មនុស្សមកតែមួយកន្លែងគត់ ហើយឯកសារត្រូវរត់ទៅស្ថាប័នខ្លួនឯង តាមបណ្ដាញ Online ឬមធ្យោបាយណាមួយធ្វើយ៉ាងណាឱ្យប្រទាក់ក្រឡាគ្នា ជាពិសេសការកែសម្រួលនីតិវិធីមួយចំនួនក្នុងការបង្កើត SME ដើម្បីឱ្យស្ថាប័នទាំងអស់ងាយស្រួលក្នុងការធ្វើការងាររួម។
ខណៈកម្ពុជានិងថៃបិទព្រំដែន សម្ដេចធិបតី ជំរុញការផលិតក្នុងស្រុកឱ្យបានច្រើន។ ដូច្នេះ សម្ដេចចង់ឱ្យនីតិវិធីក្នុងចុះឈ្មោះ ចុះបញ្ជី បង្កើតSME កាន់តែងាយស្រួលនិងឆាប់រហ័ស។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារ SME នេះ សម្ដេចធិបតី បានប្រកាសថា «ឥឡូវខ្ញុំមូរដៃអាវពីរ គឺដោះស្រាយរឿងព្រំដែន ហើយចូលវ៉ៃរឿងScam តែឥឡូវរឿង SME នេះខ្ញុំមូរដៃអាវដែរហើយ ដែលប៉ះពាល់ប្រជាពលរដ្ឋដែលយើងចេញទៅប្ដេជ្ញាចិត្ត ហើយស្រែកថា ឥឡូវនេះយើងត្រូវតែធ្វើឱ្យបាន ជួយសម្រួលគាត់ ត្រូវតែដោះដើម្បីឱ្យផលប្រយោជន៍រួម ដើម្បីភាពជឿជាក់ បើយើងគង់តែដោះ កុំចាំយូរ បាទ ហើយខ្ញុំនឹងចូលជាមួយ ហើយខ្ញុំនឹងចូលដើម្បីជំរុញ ហើយខ្ញុំនឹងចូលដើម្បីបង្កើនអាហ្នឹង បាទ អីចឹងមូរដៃអាវ មិនមែនទៅធ្វើជំនួសទេ បានន័យថា ខ្ញុំនៅដើម្បីជួយហើយជំរុញនៅអង្គភាពដែលត្រូវទទួលខុសត្រូវ ហើយយើងនឹងរៀបចំនូវអង្គភាពមួយដែលនៅក្រោមCDC ឬក្រោមណាដែលវានៅចំជាមួយគ្នាដើម្បីជាអង្គភាពសម្របសម្រួលរួម»។
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលម្សិលមិញ ក៏បានឱ្យដឹងបន្ថែមថា សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់ មួយពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូចនិងមធ្យម (SME) ដោយត្រូវសហការគ្នាធ្វើយ៉ាងណាឱ្យដំណើរការចុះបញ្ជី ប្រព្រឹត្តទៅបានលឿនរហ័ស ដោយមិនតម្រូវឱ្យសហគ្រិនត្រូវសុំច្បាប់ក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ ពោលគឺក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រួលនីតិវិធីទាំងអស់ជូនដល់អ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាព។
សម្តេចធិបតី បានបញ្ជាក់ថា សម្តេចនឹងតាមដានដោយផ្ទាល់ដើម្បីជំរុញឱ្យការងារនេះសម្រេចបានជោគជ័យ៕
អត្ថបទ៖ ប៊ី







