ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដា ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា វិនិយោគិនកាណាដា នឹងជួយបង្កើនការវិនិយោគថ្មីៗនៅកម្ពុជា ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
ឯកឧត្តម Christian DesRoches បានបង្ហាញសុទិដ្ឋិនិយមបែបនេះ នាឱកាសជួបសម្ដែងការគួរសម និងពិភាក្សាជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ជំនួបនេះមានគោលបំណងផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចកម្ពុជា និងការវិវត្តនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យធនាគារ។
ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
ជាក់ស្តែង ការចូលរួមរបស់ថ្នាក់ដឹកនាំធនាគារកណ្តាលកាណាដាក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង និងការគ្រោងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីរបស់ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦។
ទន្ទឹមនេះ ឯកឧត្តម បានលើកសរសើរពីវឌ្ឍនភាពនៃវិស័យធនាគារ និងប្រព័ន្ធទូទាត់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដា ដែលកំពុងប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យធនាគារ និងធានារ៉ាប់រង ថែមទៀតផង។
លើសពីនេះ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា ការចូលរួមរបស់គណៈប្រតិភូវិនិយោគិនកាណាដា ដែលនឹងអមដំណើរឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជានាពេលខាងមុខ នឹងជួយបង្កើនការវិនិយោគថ្មីៗរបស់កាណាដាបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
ជាការឆ្លើយតប លោកជំទាវ ទេសាភិបាលបានមានប្រសាសន៍ពីការរួមចំណែករបស់វិនិយោគិនកាណាដា ក្នុងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ដែលបានចូលរួមពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព។
លោកជំទាវបានរំលេចពីសក្តានុពលសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងបានចែករំលែកអំពីកត្តាប្រឈមមួយចំនួន។
ទន្ទឹមនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ ការត្រួតពិនិត្យ និងយន្តការគាំទ្រផ្សេងៗដើម្បីរក្សាស្ថិរភាព និងលើកកម្ពស់ទំនុកចិត្តវិនិយោគិនលើប្រព័ន្ធធនាគារកម្ពុជា ផងដែរ៕
អត្ថបទ៖ ប៊ី






