កម្ពុជា​រៀបចំ​ទិវា​វាយតម្លៃ​ទទួលស្គាល់​ពិភពលោក​ ​២០២៦​ ​ផ្តោត​លើន​វានុវត្តន៍​ ​ទំនុកចិត្ត​ ​និង​និរន្តរភាព​

ភ្នំពេញ​៖​ ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​នៅ​ថ្ងៃទី​៣១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​បាន​រៀបចំ​ទិវា​វាយតម្លៃ​ទទួលស្គាល់​ពិភពលោក​ ​ឆ្នាំ​២០២៦​ ក្រោម​ប្រធានបទ​ «​ន​វានុវត្តន៍​ ​ទំនុកចិត្ត​ ​និង​និរន្តរភាព​៖ ​អានុភាព​នៃ​ការ​វាយតម្លៃ​ទទួលស្គាល់​» ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​តួនាទី​នៃ​ការ​វាយតម្លៃ​ទទួលស្គាល់​ ​(​Accreditation​) ​និង​ការ​វាយតម្លៃ​ភាព​អនុលោម ​(​Conformity​ ​Assessment​) ​ក្នុង​ការ​ជំរុញ​ន​វានុវត្តន៍​ ​ពង្រឹង​ទំនុកចិត្ត​ទីផ្សារ​ និង​គាំទ្រ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ទិវា​វាយតម្លៃ​ទទួលស្គាល់​ពិភពលោក​ ​ឆ្នាំ​២០២៦​ ត្រូវបាន​ផ្តួចផ្តើម​ដោយ​ ​Global​ ​ACI​ ​ដែល​ជា​ស្ថាប័ន​សកល​ថ្មី​មួយ​ ​កើត​ចេញពី​ការ​រួមបញ្ចូល​គ្នា​រវាង​វេទិកា​វាយតម្លៃ​ទទួលស្គាល់​អន្តរជាតិ​ ​(​IAF​) ​និង​ស្ថាប័ន​កិច្ចសហប្រតិបត្តិការ​វាយតម្លៃ​ទទួលស្គាល់​មន្ទីរពិសោធន៍​អន្តរជាតិ​ ​(​ILAC​)​។

​គោលបំណង​នៃ​ទិវា​នេះ​ ​គឺ​ដើម្បី​ជំរុញ​ការ​យល់ដឹង​អំពី​សារសំខាន់​នៃ​ការ​វាយតម្លៃ​ទទួលស្គាល់​ ​និង​ការ​វាយតម្លៃ​ភាព​អនុលោម​ ក្នុង​ការ​ធានា​គុណភាព​ ​សុវត្ថិភាព​ ​និង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​ ​និង​សេវាកម្ម​នៅក្នុង​ទីផ្សារ​ជាតិ​ ​និង​អន្តរជាតិ​។

​ការ​វាយតម្លៃ​ទទួលស្គាល់​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​ទទួលស្គាល់​លទ្ធផល​ធ្វើតេស្ត ​ការ​ធ្វើ​អធិការ​កិច្ច​ ​ការ​ចេញ​វិញ្ញាបនបត្រ ​ការ​ផ្ទៀងផ្ទាត់​ និង​ការ​បញ្ជាក់​សុពលភាព​។ ​ការងារ​នេះ​ក៏​ជួយ​កាត់បន្ថយ​របាំង​បច្ចេកទេស​ក្នុង​ពាណិជ្ជកម្ម​ ​និង​គាំទ្រ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​ទៅ​វិញ​ទៅមក​ ​(​MRAs​) ​តាមរយៈ​គោលការណ៍​ «​ធ្វើតេស្ត​ម្តង​ ទទួលស្គាល់​គ្រប់​ទីកន្លែង​»​។

​ថ្លែង​ក្នុង​ពិធី​នេះ​ ​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​វាយតម្លៃ​ទទួលស្គាល់​នៃ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ និង​ឧស្សាហកម្ម​ជំនាន់​ថ្មី​ ​ការងារ​វាយតម្លៃ​ទទួលស្គាល់​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​ដ៏​មាន​អានុភាព​ ក្នុង​ការ​គាំទ្រ​ការងារ​គ្រប់គ្រង​ ​និង​ការងារ​បច្ចេកទេស​នៅក្នុង​វិស័យ​សំខាន់​ៗ​។

​ឯកឧត្តម​ បាន​មានប្រសាសន៍​ថា​៖​ «​នៅក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ និង​ឧស្សាហកម្ម​ជំនាន់​ថ្មី​ ​ការងារ​វាយតម្លៃ​ទទួលស្គាល់​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​ដ៏​មាន​អានុភាព​ ក្នុង​ការ​ជួយគាំទ្រ​ការងារ​គ្រប់គ្រង​ ​និង​ការងារ​បច្ចេកទេស​ក្នុង​ផ្នែក​សំខាន់​ៗ​ ​ដូចជា​ការ​ជំរុញ​ ​និង​គាំទ្រន​វានុវត្តន៍​ ការ​កសាង​ទំនុកចិត្ត​លើ​ទីផ្សារ​ ការ​ធានា​និរន្តរភាព​ ​និង​ការ​អភិវឌ្ឍ​បៃតង​»​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ ​ទំនុកចិត្ត​នៅក្នុង​ទីផ្សារ​ត្រូវបាន​កសាងឡើង​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​ ​(​NQI​) ​ដែល​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ ​៣​C​ ​រួមមាន​ សមត្ថភាព​ ​(​Competency​) ​អនុលោម​ភាព ​(​Compliance​) ​និង​ទំនុកចិត្ត​ ​(​Confidence​) ​ដើម្បី​ធានា​ថា ​ផលិតផល​ និង​សេវាកម្ម​មាន​គុណភាព​ ​សុវត្ថិភាព​ ​និង​អាច​ប្រកួតប្រជែង​បាន​នៅលើ​ទីផ្សារ​អន្តរជាតិ​។

​ឯកឧត្តម​ ហែម​ វណ្ណឌី ​ក៏​បាន​គូសបញ្ជាក់​ថា​ ​ក្រសួង​កំពុង​ដឹកនាំ​ការ​ពង្រឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​ តាមរយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​អនុវត្ត​ស្តង់ដា ​បទប្បញ្ញត្តិ​បច្ចេកទេស​ និង​នីតិវិធី​វាយតម្លៃ​ភាព​អនុលោម ​(​STRACAP​) ​ព្រមទាំង​ការ​រៀបចំ​គោលនយោបាយ​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ​។

​គោលដៅ​គឺ​ពង្រឹង​សមត្ថភាព​របស់​មន្ទីរពិសោធន៍​ ​ស្ថាប័ន​ស្តង់ដា​រូបនីយកម្ម ​ស្ថាប័ន​មាត្រា​សាស្ត្រ​ ​និង​អង្គភាព​វាយតម្លៃ​ភាព​អនុលោម ​ឱ្យ​ទទួលបាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ ​និង​គាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​របស់​កម្ពុជា​។

​ទិវា​វាយតម្លៃ​ទទួលស្គាល់​ពិភពលោក​ ​ឆ្នាំ​២០២៦​ ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​វាយតម្លៃ​ទទួលស្គាល់​នៃ​កម្ពុជា​ ​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​អង្គភាព​វាយតម្លៃ​ភាព​អនុលោម​ មន្ទីរពិសោធន៍​ វិស័យ​ឯកជន ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ភាគី​ពាក់ព័ន្ធ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times