ភ្នំពេញ៖ ក្រុមហ៊ុន Phoenix Voyages Group Limited បានប្តេជ្ញាបន្តសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក Edouard GEORGE បានជម្រាបជូនសម្ដេចធិបតីអំពីគម្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ «Angkor Ultra Trail» លើកទី១០ ដែលគ្រោងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៧។ ព្រឹត្តិការណ៍នេះក៏នឹងក្លាយជាឱកាសអបអរសាទរខួប១០ឆ្នាំ នៃការរៀបចំ «Angkor Ultra Trail» នៅកម្ពុជាផងដែរ។
លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំព្រឹត្តិការណ៍នេះនាពេលកន្លងមក។
លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញពីគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងបានជម្រាបអំពីប្រតិបត្តិការអាជីវកម្ម និងផែនការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ និងផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» ជាបន្តបន្ទាប់។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនចំពោះទំនុកចិត្តខ្ពស់ក្នុងការវិនិយោគ និងផែនការពង្រីកប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។
សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា រួមមានការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ ការពង្រឹងគុណភាពសេវាកម្ម និងការបង្កើតព្រឹត្តិការណ៍កីឡា ពិព័រណ៍ និងសកម្មភាពផ្សេងៗ ដើម្បីបន្ថែមលើសក្តានុពលទេសចរណ៍ដែលមានស្រាប់ ដូចជាការទស្សនាប្រាសាទបុរាណ និងវប្បធម៌ជាដើម។
ជាចុងក្រោយ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Phoenix Voyages Group Limited បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» ឱ្យទទួលបានជោគជ័យ និងបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត៕
អត្ថបទ៖ ប៊ី







