ឧកញ៉ា ណូ សុភា បន្ត​ជួយ​ដល់​វិស័យ​អប់រំថែមទៀតហើយ ដោយផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្ររៀនពូកែ ៥០ នាក់

ឧកញ៉ា ណូ សុភា ដែល​ជា​សប្បុរសជន​ខ្មែរ​ដែល​មាន​ចិត្ត​សន្ដោស​ប្រោសប្រណី និង​តែង​នឹក​ឃើញ​ដល់​ប្រជាជន​ខ្មែរ​ដែល​មាន​ឈាម​ជ័រ​តែ​មួយ បើ​ទោះ​ជា​ពេលនេះ​ឧកញ៉ា​រូប​នេះ បាន​កំពុង​រស់នៅ​ប្រទេស​អាល្លឺម៉ង់​ក៏​ដោយ​នោះ ក៏​មិន​ភ្លេច​ផ្ដល់​ជំនួញ​ផ្សេង​ៗ​មក​ស្រុក​កំណើត។

តាមដានជាមួយយើង៖ Million Times

ដោយ​កាលពីពាក់កណ្ដាលខែកក្កដា កន្លងទៅ ឧកញ៉ា ណូ សុភា បាន​រៀបចំ​ប្រាក់ ១៨ ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​អតីត​គ្រូ​បង្រៀន​របស់​អគ្គ​នាយិកា​ក្រុមហ៊ុន Böttcher AG រូប​នេះ។ មិន​តែ​ប៉ុណ្ណោះ​ថ្មី​ៗ​នេះ ក្រោយ​ពី​អ្នក​បង្កើត​មាតិកា​ខ្មែរ​ដ៏​ល្បី Rick Kh គោប្រាក់ ទៅ​លេង​នៅ​អាល្លឺម៉ង់ និង​បាន​ជួប​ជជែក​គ្នា ក៏​បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ក្រីក្រ​រៀន​ពូកែ ៥០ នាក់ តាម​រយៈ​លោក។

សម្រាប់​លក្ខខណ្ឌ​របស់​ឧកញ៉ា ណូ សុភា គឺ​ផ្ដល់​ជូន​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២ ជា​សិស្ស​រៀន​ពូកែ ប៉ុន្តែ​មាន​ជីវភាព​លំបាក គ្មាន​លទ្ធភាព​បន្ត​ការ​សិក្សា​បាន។ អាហារូបករណ៍​នេះ​ដែរ​នឹង​ត្រូវ​ផ្ដល់​ជូន​សម្រាប់៖

  • សិស្ស​ពូកែ​របស់​បណ្ណាល័យ គោ​ប្រាក់
  • សិស្ស​ក្រីក្រ​ក្នុង​ខេត្ត​សៀមរាប
  • សិស្ស​ពូកែ និង​ក្រីក្រ​ខ្លាំង​តាម​បណ្ដា​ខេត្ត​នានា

ការ​ដាក់​ពាក្យ សិស្ស​និស្សិត​អាច​មក​យក​ពាក្យ​ផ្ទាល់​បាន​នៅ​បណ្ណាល័យ​គោ​ប្រាក់​ខេត្ត​សៀមរាប ដែល​មាន​ទីតាំង​នៅ​ខាង​ក្រោយ​មន្ទីរពេទ្យ គន្ធបុប្ផា ចាប់​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ ២៩ ខែ​កក្កដា ឆ្នាំ ២០២៦ រហូត​ដល់​ថ្ងៃ​ទី ១០ សីហា ឆ្នាំ ២០២៦ រៀងរាល់​ម៉ោងធ្វើការ (១០ព្រឹក ដល់​ម៉ោង ៥ល្ងាច)។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ ១៧ ខែ​កក្កដា ឆ្នាំ ២០២៦ ឧកញ៉ា ណូ សុភា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​​​​​ចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយយស «ជាតូបការ»។ មេដាយ​ជាតូបការ ជា​គ្រឿង​ឥស្សរិយយស ប្រភេទ​មាតុ​ប្រទេស លំដាប់​ខ្ពស់​ជាង​គេ​បំផុត​នៅ​កម្ពុជា សម្រាប់​បំពាក់​ជូន​ចំពោះ​វរជន​ដែល​មាន​គុណ​ដ៏​ឧត្តុង​ឧត្តម​ក្នុង​ការ​បម្រើ​មាតុប្រទេស ហើយ​ត្រូវ​បាន​ប្រទាន​ដោយ​ព្រះមហាក្សត្រ៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher