ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​ ​រំពឹង​កើន​ដល់​ជាង​ ​១២​ ​ពាន់​លាន​ដុល្លារ​ ​នៅ​ឆ្នាំ​២០២៦​

ហាណូយ​៖ ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ ​និង​វៀតណាម​ ត្រូវបាន​រំពឹង​ថា​ ​នឹង​កើនឡើង​ដល់​ជាង​ ​១២​ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៦​ បន្ទាប់ពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ជាលំដាប់​ ​និង​ឈានដល់​ ​១១,៣៣​ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២៥​។

​ការ​រំពឹង​នេះ​ត្រូវបាន​លើកឡើង​ក្នុង​ជំនួប​រវាង​សម្តេច​មហា​រដ្ឋសភាធិការ​ធិបតី ​ឃួន​ សុដារី ​ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ឯកឧត្តម​ ឡេ ​មិញ​ ហ៊ុង ​(​Le​ ​Minh​ ​Hung​) ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​នៅ​រសៀល​ថ្ងៃទី​២៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ក្នុង​អំឡុង​ពេល​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ និង​មិត្តភាព​នៅ​ប្រទេស​វៀតណាម​។

​ក្នុង​ជំនួប​នេះ​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​ ​និង​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ ​ការ​តភ្ជាប់​ ​និង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​ និង​ប្រជាជន​។

​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​សន្តិសុខ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ ព្រមទាំង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈានដល់​ទំហំ​ ​២០​ ​ពាន់​លាន​ដុល្លារ​អាមេរិក​នា​ពេល​អនាគត​។

​ឯកឧត្តម​ ឡេ ​មិញ​ ហ៊ុង ​បាន​បញ្ជាក់​ថា​ ​វៀតណាម​នឹង​បន្ត​គាំទ្រ​ ​និង​សហការ​ជាមួយ​កម្ពុជា​ ​ព្រមទាំង​បាន​ណែនាំ​ដល់​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​វៀតណាម​ឱ្យ​អនុវត្ត​ជាបន្ទាន់​នូវ​កិច្ចព្រមព្រៀង​នានា​ដែល​បាន​ធ្វើឡើង​ជាមួយ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ​។

​នាយក​រដ្ឋមន្ត្រី​វៀតណាម​ក៏​បាន​ស្នើ​ឱ្យ​បន្ត​ជំរុញ​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ ​និង​បទពិសោធន៍​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ ព្រមទាំង​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​វៀតណាម​ចំពោះ​គម្រោង​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​សម្តេច​ ​ឃួន​ សុដារី ​បាន​បញ្ជាក់​ថា​ ​កម្ពុជា​ស្វាគមន៍​ និង​បន្ត​ជំរុញ​បង្ក​លក្ខណៈ​ងាយស្រួល​បន្ថែម​ទៀត​ដល់​វិនិយោគិន​បរទេស​ ​និង​អ្នកទេសចរ​វៀតណាម ​ដើម្បី​មក​វិនិយោគ​ ​និង​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​។

​សម្តេច​បាន​ស្នើ​ឱ្យ​វៀតណាម​ពិនិត្យ​លទ្ធភាព​បន្ថែម​ទៀត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​កសិកម្ម​ ​អប់រំ ​បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​។

​រដ្ឋសភា​កម្ពុជា​បាន​ស្វាគមន៍​ និង​គាំទ្រ​ចក្ខុវិស័យ​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​។ ​វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ជាលំដាប់​ និង​លើស​ពី​ការ​រំពឹងទុក​។

​នៅ​ឆ្នាំ​២០២៥​ ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​បាន​កើនឡើង​ដល់​ ​១១,៣៣​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ហើយ​សម្រាប់​ឆ្នាំ​២០២៦​ ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ដល់​ជាង​ ​១២​ ​ពាន់​លាន​ដុល្លារ​។ ​ប្រទេស​ទាំង​ពីរ​បាន​ប្តេជ្ញា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ និង​ពន្លឿន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​ឈានដល់​ ​២០​ ​ពាន់​លាន​ដុល្លារ​អាមេរិក​នា​ពេល​ខាងមុខ​។​

ក្រៅពី​ពាណិជ្ជកម្ម​ ​សម្តេច​ប្រធាន​រដ្ឋសភា​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​រវាង​ប្រទេស​ទាំង​ពីរ​ ​ដោយ​វៀតណាម​បន្ត​ផ្តល់​អាហារូបករណ៍​ ​និង​វគ្គ​បណ្តុះបណ្តាល​ដល់​និស្សិត​ ​និង​មន្ត្រីរាជការ​កម្ពុជា​ ​ដើម្បី​ពង្រឹង​សមត្ថភាព​មូលធន​មនុស្ស​។

​ជំនួប​នេះ​ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ​និង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ផ្សេង​ៗ​ដែល​ជា​ផលប្រយោជន៍​រួម​។

​សម្តេច​ ​ឃួន​ សុដារី ​បាន​ថ្លែងអំណរគុណ​ដល់​វៀតណាម​ ​ដែល​បាន​គាំទ្រ​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ដោយ​សន្តិវិធី​ ​និង​បាន​ចូលរួម​ក្នុង​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​ ​(​AOT​)​។​ វៀតណាម​បាន​បញ្ជាក់​ពី​ជំនឿ ​និង​ការ​ត្រៀមខ្លួន​ចូលរួម​ ​ដើម្បី​ជួយ​ឱ្យ​កម្ពុជា​ ​និង​ថៃ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times