កាលពីថ្ងៃ ១ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅជីប ម៉ុង គ្រុប បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង (Chip Mong Food & Beverages) ដោយបោះទុនវិនិយោគប្រមាណ ២៥០ លានដុល្លារ ដែលមានផលិតទឹកដោះគោ មី តែ កាហ្វេ លើផ្ទៃដីទំហំ ១៥ ហិកតា នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង មានភ្ញៀវកិត្តយសដែលជាមន្រ្តីរាជការ និងអ្នកជំនួញធំៗលំដាប់ប្រទេស ហើយក្នុងនោះក៏មានគ្រួសារអ្នកឧកញ៉ាៗដែលជាអនាគតដន្លងផងដែរ។
ក្នុងកម្មវិធីបើកការដ្ឋានសាងសង់រោងចក្រChip Mong Food & Beverages របស់លោកអ្នកឧកញ៉ា ភាព ហៀក បានប្រមូលកូនចៅទាំងប្រុសស្រីមកចូលរួមទាំងអស់គ្នា។ ក្នុងបរិយាកាសដ៏អស្ចារ្យនោះ ក៏មានការចូលរួមពីសំណាក់សិល្បករ អាជីវករ ក៏ដូចជាអ្នកផលិតមាតិកា ដើម្បីផ្សព្វផ្សាយឲ្យដឹងថា នាពេលខាងមុខ ខ្មែរអាចផលិតចំណីអាហារច្រើនប្រភេទ ដែលផលិតដោយរោងចក្រក្នុងស្រុកលំដាប់អន្តរជាតិ។

Chip Mong Food & Beverages ត្រូវចំណាយពេលសាងសង់ជាង ២០ ខែ ស្មើនឹង ២ ឆ្នាំដែលមានទីតាំងស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកចូលរួមសឹងតែទាំងអស់ សុទ្ធតែបានប្រើប្រាស់សម្លៀកបំពាក់ពណ៌បៃតង ដូចគ្នាទៅនឹងពណ៌តំណាងរបស់ក្រុមហ៊ុន ជីប ម៉ុង។
ក្រុមហ៊ុន ជីប ម៉ុង បានបើករោងចក្រ សម្រាប់ផលិតផលក្នុងស្រុកពិតជារឿងល្អ មោទនភាពជាតិ ព្រោះជួយសេដ្ឋកិច្ចក្នុងស្រុក ជួយឲ្យកូនខ្មែរមានការងារធ្វើច្រើន ហើយផលិតផលក្នុងស្រុកនោះហើយគឺប្រជាជនក្នុងស្រុក ប្រើប្រាស់មិនយកទំនិញនាំចូល។ Chip Mong Food & Beverages ដើម្បីផ្គត់ផ្គង់ និងជំរុញទីផ្សារផលិតផលខ្មែរឲ្យកាន់រីកដុះដាល ដោយស្របតាមចក្ខុវិស័យ ១០០ ឆ្នាំទៅមុខរបស់ ជីប ម៉ុង៕







អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Group




