កម្ពុជា​ ​ជំរុញ​វិនិយោគិន​អ៊ូស៊ី ​បង្កើន​ការ​បណ្តាក់ទុន ​ខណៈ​ចិន​ជា​ប្រភព​វិនិយោគ​សំខាន់​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ ​កម្ពុជា​កំពុង​ជំរុញ​ឱ្យ​វិនិយោគិន​មកពី​ទីក្រុង​អ៊ូស៊ី ​ខេត្ត​ជាំង​ស៊ូ ​ប្រទេស​ចិន​ ​បង្កើន​ការ​បណ្តាក់ទុន​នៅ​កម្ពុជា​ ​ជាពិសេស​ក្នុង​ការ​ផលិត​វត្ថុធាតុ​ដើម​ និង​ទំនិញ​ពាក់កណ្តាល​សម្រេច​ ​ខណៈវិនិយោគិន​ចិន​នៅតែ​ជា​ប្រភព​ទុន​វិនិយោគ​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។

​ការ​ជំរុញ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​ ​ឯកឧត្តម​ ​ជា​ ​វុទ្ធី ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​) ​និង​លោក​ ​ចូវ​ ​វិន​តុង ​(​Zhou​ ​Wendong​) ​អភិបាល​រង​ទីក្រុង​អ៊ូស៊ី ​ខេត្ត​ជាំង​ស៊ូ ​នៅ​រសៀល​ថ្ងៃទី​៣១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។

​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​ ​ជា​ ​វុទ្ធី​ ​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ និង​ប្រជាជន​ទីក្រុង​អ៊ូស៊ី ​ដែល​តែងតែ​ជំរុញ​ ​និង​គាំទ្រ​វិនិយោគិន​មកពី​ទីក្រុង​នេះ​ ​ឱ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ ​ជាពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​។

​លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ពន្លឿន​ការ​កសាង​ «​ច្រក​របៀង​ឧស្សាហកម្ម​ ​និង​បច្ចេកវិទ្យា​» ​និង​ «​ច្រក​របៀង​មច្ឆា ​និង​អង្ករ​» ​ដើម្បី​ជំរុញ​ការ​ទាក់ទាញ​វិនិយោគ ​ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​សម្រាប់​ទំនិញ​នាំចេញ​របស់​កម្ពុជា​។

​ឯកឧត្តម​ ​ជា​ ​វុទ្ធី​ ​ក៏​បាន​ស្នើ​ឱ្យ​លោក​ ​ចូវ​ ​វិន​តុង ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ​ឱ្យ​កាន់តែ​រីកចម្រើន​ និង​មាន​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​អន្តរជាតិ​។

​ជាពិសេស​ ​ឯកឧត្តម​ បាន​បង្ហាញ​ក្តីសង្ឃឹម​ថា​ ​ថ្នាក់ដឹកនាំ​ទីក្រុង​អ៊ូស៊ី​នឹង​បន្ត​ជំរុញ​វិនិយោគិន​មកពី​ទីក្រុង​នេះ​ ​ឱ្យ​បង្កើន​ការ​បណ្តាក់ទុន​នៅ​កម្ពុជា​ ​ដោយ​ផ្តោត​លើ​ការ​ផលិត​វត្ថុធាតុ​ដើម​ និង​ទំនិញ​ពាក់កណ្តាល​សម្រេច​នៅក្នុង​ប្រទេស​។ ​ការ​វិនិយោគ​បែប​នេះ​ ត្រូវបាន​រំពឹង​ថា​នឹង​រួមចំណែក​ធានា​ស្ថិរភាព​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​។

​ជា​ការ​ឆ្លើយតប​ លោក​ ​ចូវ​ ​វិន​តុង ​បាន​ថ្លែងអំណរគុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ ​CDC​ ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ដំណើរការ​នៃ​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ​ដែល​បាន​ធ្វើឱ្យ​តំបន់​នេះ​មាន​ការ​រីកចម្រើន​ជាបន្តបន្ទាប់​។

​លោក​ ​ចូវ​ ​វិន​តុង ​បាន​ប្តេជ្ញា​បន្ត​ជំរុញ​ឱ្យ​វិនិយោគិន​ចិន ​ជាពិសេស​វិនិយោគិន​មកពី​ខេត្ត​ជាំង​ស៊ូ ​និង​ទីក្រុង​អ៊ូស៊ី ​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​ជ្រើសរើស​យក​គម្រោង​ដែល​មាន​សក្តានុពល ​និង​ឈានមុខជា​អាទិភាព​។

​លោក​បាន​ឱ្យដឹង​ថា​ ​ដំណើរទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេលនេះ​ ​ក៏​ភ្ជាប់​ជាមួយ​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៥​ ​របស់​គណៈកម្មាធិការ​សម្របសម្រួល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ទីក្រុង​អ៊ូស៊ី ​ខេត្ត​ជាំង​ស៊ូ ​ប្រទេស​ចិន​ នា​ពេល​ខាងមុខ​។​

លោក​ក៏​បាន​លើកឡើង​នូវ​សំណូមពរ​មួយចំនួន​ ​ដើម្បី​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ​ឱ្យ​កាន់តែ​រីកចម្រើន​ ​និង​ទាក់ទាញ​វិនិយោគិន​បន្ថែម​ទៀត​។​

ក្នុង​រយៈពេល​ ​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ​២៧៦​ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង​ ​៤.៧​ ​ពាន់​លាន​ដុល្លារ​ និង​អាច​បង្កើត​ការងារ​ថ្មី​ប្រមាណ​ ​១៦០,០០០​ កន្លែង​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ ​CDC​។​

ក្នុង​ចំណោម​ប្រភព​វិនិយោគ​ទាំង​នេះ​ វិនិយោគិន​ក្នុង​ស្រុក​មាន​សមាមាត្រ​ច្រើន​ជាង​គេ​ ​៤១.៧៤​ ​ភាគរយ ​ខណៈវិនិយោគិន​ចិន​ឈរ​នៅ​លំដាប់​ទី​២​ ​មាន​ ​៣៥.៧៥​ ​ភាគរយ​ ​បន្ទាប់មក​គឺ​វិនិយោគិន​សិង្ហបុរី​ ​១៥.៣៨​ ​ភាគរយ​ ​និង​វិនិយោគិន​ម៉ាឡេស៊ី​ ​៤.២៦​ ​ភាគរយ​។

​តួលេខ​នេះ​បង្ហាញ​ថា​ ​ចិន​នៅតែ​ជា​ប្រភព​ទុន​បរទេស​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ ​ខណៈ​ការ​ជំរុញ​ទាក់ទាញ​វិនិយោគិន​ពី​ទីក្រុង​អ៊ូស៊ី ​និង​ខេត្ត​ជាំង​ស៊ូ ​អាច​បើក​ផ្លូវ​សម្រាប់​ការ​បណ្តាក់ទុន​ថ្មី​ៗ​បន្ថែម​ទៀត​ ​ជាពិសេស​ក្នុង​វិស័យ​ផលិតកម្ម​ ​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times