ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) បង្ហាញផែនការចូលរួមជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ រួមមានការទស្សនាតំបន់អង្គរនាពេលរាត្រី និងការអភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ។
គម្រោងនេះត្រូវបានលើកឡើងកាលថ្មីៗនេះ ក្នុងជំនួបរវាងលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល AIAI និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស និងការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប។
ក្នុងជំនួបនេះ លោក Lu Wei បានជម្រាបជូនអំពីគោលបំណង និងគម្រោងសំខាន់ៗចំនួន៣ របស់ក្រុមហ៊ុន។
ទី១ គឺការអភិវឌ្ឍផលិតផលទេសចរណ៍ទស្សនាតំបន់អង្គរនាពេលរាត្រី។ ឯកឧត្តម ហួត ហាក់ បានគាំទ្រការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅតំបន់អង្គរ ដើម្បីបង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរ ពន្យាររយៈពេលស្នាក់នៅ និងជំរុញការចំណាយរបស់ភ្ញៀវទេសចរ។
សកម្មភាពដែលអាចរួមបញ្ចូលក្នុងផលិតផលទេសចរណ៍ពេលរាត្រីនេះ មានដូចជា ការសម្តែងសិល្បៈ និងវប្បធម៌ កម្មវិធីពន្លឺ និងបច្ចេកវិទ្យាទំនើប ព្រមទាំងព្រឹត្តិការណ៍អន្តរជាតិនានា ដោយត្រូវអនុវត្តស្របតាមគោលការណ៍អភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទី២ គឺគម្រោងវិនិយោគ និងអភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ ដែលរួមបញ្ចូលសេវាទេសចរណ៍ ពាណិជ្ជកម្ម ការកម្សាន្ត និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។
ចំពោះគម្រោងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសម្តែងការគាំទ្រ និងស្នើឱ្យភាគីពាក់ព័ន្ធសិក្សា និងរៀបចំផែនការលម្អិតប្រកបដោយចីរភាព និងបរិយាបន្ន។
ទី៣ គឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការនាំភ្ញៀវទេសចរមកកម្ពុជា។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន តាមរយៈការសហការជាមួយក្រុមហ៊ុនទេសចរណ៍ និងដៃគូអន្តរជាតិ។
កិច្ចសហការនេះនឹងផ្តោតលើការបើកផ្លូវហោះហើរថ្មី ការបង្កើនប្រេកង់ជើងហោះហើរ ការរៀបចំយុទ្ធនាការផ្សព្វផ្សាយរួម និងការទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពខ្ពស់មកកម្ពុជា។
ឯកឧត្តម ហួត ហាក់ ក៏បានសម្តែងការកោតសរសើរចំពោះ AIAI ដែលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ៏សំខាន់នៅកម្ពុជា និងបានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ពង្រឹងការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍កម្ពុជា។
ក្រសួងទេសចរណ៍មានគោលដៅជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើន និងប្រកបដោយគុណភាព ស្របតាមទិសដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានចាត់តាំងក្រុមការងារបច្ចេកទេសរបស់ក្រសួងទេសចរណ៍ ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររបស់ AIAI ដើម្បីសិក្សាលម្អិតលើគម្រោងនីមួយៗ សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរៀបចំផែនការអនុវត្តជាជំហានៗ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា កិច្ចការនេះមានគោលដៅជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព៕
អត្ថបទ៖ ប៊ី








