ចិនវិនិយោគបង្កើតរោងចក្រផលិតឧស្ម័នពីខ្យល់ដំបូងគេនៅកំពង់ស្ពឺ

កំពង់ស្ពឺ៖ ក្រុមហ៊ុន JINDING AIR LIQUEFACTION (CAMBODIA) CO., LTD បានវិនិយោគបង្កើតរោងចក្រផលិតឧស្ម័នពីខ្យល់ដំបូងគេនៅខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ដល់វិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាលនៅកម្ពុជា ដោយគ្រោងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។

លោក Chen Zonghui នាយកក្រុមហ៊ុន JINDING AIR LIQUEFACTION (CAMBODIA) CO., LTD បានលើកឡើងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

លោក Chen Zonghui បានឱ្យដឹងថា ក្រុមហ៊ុនជាក្រុមហ៊ុនដំបូងគេដែលវិនិយោគលើការផលិតឧស្ម័នអ៊ីត្រូសែន កាបូន និងអុកស៊ីសែន ដោយប្រើប្រាស់ខ្យល់បរិយាកាសធម្មជាតិជាប្រភពវត្ថុធាតុដើមសម្រាប់ទ្រទ្រង់ដល់ការផលិត។

ផលិតផលឧស្ម័នរបស់ក្រុមហ៊ុនមានគោលដៅបម្រើដល់វិស័យសំខាន់ៗចំនួនបី រួមមាន វិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាល ដែលត្រូវការប្រើប្រាស់ឧស្ម័នជាធាតុសំខាន់ក្នុងប្រតិបត្តិការ និងផលិតកម្ម។

លោកបានបញ្ជាក់ថា កន្លងមក ឧស្ម័នសម្រាប់បម្រើដល់វិស័យទាំងបីនេះ ត្រូវបាននាំចូលពីប្រទេសជិតខាង។ ប៉ុន្តែបន្ទាប់ពីរោងចក្រចាប់ផ្តើមដំណើរការ ក្រុមហ៊ុននឹងផលិតឧស្ម័នក្នុងទ្រង់ទ្រាយធំ ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

លោក Chen Zonghui បានបន្ថែមថា ក្រុមហ៊ុនក៏មានគោលដៅពង្រីកទីផ្សារនៅក្រៅប្រទេស ដោយគ្រោងបន្តនាំចេញផលិតផលឧស្ម័នទៅកាន់ប្រទេសមួយចំនួននៅឆ្នាំបន្ទាប់។

លោកបានគូសបញ្ជាក់ថា ការជ្រើសរើសខេត្តកំពង់ស្ពឺជាទីតាំងវិនិយោគ គឺដោយសារខេត្តមានសក្តានុពលសម្បូរបែប ទីតាំងភូមិសាស្ត្រអំណោយផលដល់ការដឹកជញ្ជូន និងមានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់បម្រើដល់ដំណើរការផលិតកម្ម។

លើសពីនេះ លោកបានលើកឡើងថា គោលនយោបាយដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តមានលក្ខណៈល្អប្រសើរ និងបរិយាកាសសន្តិសុខ សុវត្ថិភាពមានភាពល្អប្រសើរ ដែលជាកត្តាផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការសម្រេចចិត្តជ្រើសរើសខេត្តកំពង់ស្ពឺជាគោលដៅវិនិយោគ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការសាទរចំពោះវត្តមានអ្នកវិនិយោគដែលបានសម្រេចជ្រើសរើសខេត្តកំពង់ស្ពឺជាគោលដៅវិនិយោគ និងបង្ហាញការជឿជាក់លើការដឹកនាំរបស់រដ្ឋបាលខេត្ត ពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត នឹងបន្តលើកទឹកចិត្ត និងសម្របសម្រួលគ្រប់នីតិវិធីជូនធុរជន និងអ្នកវិនិយោគទាំងអស់ ដើម្បីធានាឱ្យដំណើរការវិនិយោគនៅក្នុងខេត្តប្រព្រឹត្តទៅដោយរលូន និងមានភាពប្រសើរឡើង។

រោងចក្រនេះត្រូវបានគ្រោងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដែលត្រូវបានរំពឹងថានឹងចូលរួមពង្រឹងសមត្ថភាពផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក សម្រាប់វិស័យដែលមានតម្រូវការប្រើប្រាស់ និងបង្កើនសក្តានុពលរបស់កម្ពុជាក្នុងការផលិត និងនាំចេញផលិតផលឧស្ម័នទៅកាន់ទីផ្សារក្រៅប្រទេស៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times