ADB​ ​នឹង​ផ្តល់​ប្រាក់​កម្ចី ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ការពារ​កម្ពុជា​ពី​ផលប៉ះពាល់​នៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា

​ភ្នំពេញ​៖​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​នឹង​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ​២៥០​ ​លាន​ដុល្លារ​ដល់​កម្ពុជា​ ​ដើម្បី​ការពារ​គ្រួសារ​ក្រីក្រ ​និង​គាំទ្រ​ស្ថិរភាព​សេដ្ឋកិច្ច​ ​ខណៈ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​កំពុង​ជំរុញ​ការ​កើនឡើង​នៃ​ថ្លៃ​ដើម​ និង​បង្កើន​ភាព​មិន​ប្រាកដប្រជា​នៅ​ទូទាំង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​។ ​នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ ​ADB​ ​ចេញផ្សាយ​នៅ​ថ្ងៃទី​៣១​ ​ខែកក្កដា​។​

ហិរញ្ញប្បទាន​នេះ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ចំនួន​ ​៤៥០​ ​លាន​ដុល្លារ​ សម្រាប់​កម្ពុជា​ ​និង​ស្រីលង្កា ​ក្នុង​គោលបំណង​ការពារ​គ្រួសារ​ងាយ​រងគ្រោះ​ ​និង​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ ​ចំពោះមុខ​សម្ពាធ​ខាងក្រៅ​ដែល​បណ្តាល​មកពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​។

​ប្រធាន​ ​ADB​ ​លោក​ ​Masato​ ​Kanda​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​គ្មាន​គ្រួសារ​ណាមួយ​គួរតែ​ត្រូវបាន​រុញ​ឱ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​កាន់តែ​ជ្រៅ​ ​ដោយសារ​ជម្លោះ​ដែល​កើតឡើង​រាប់​ពាន់​គីឡូម៉ែត្រ​ពី​ពួកគេ​នោះ​ទេ​»​។

​លោក​បាន​បន្ត​ថា​ ​ADB​ ​កំពុង​ចាត់​វិធានការ​យ៉ាង​ឆាប់រហ័ស ​ដើម្បី​ការពារ​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​ជាង​ ​១​ ​លាន​គ្រួសារ​នៅ​កម្ពុជា​ ​ខណៈ​ជួយ​ស្រីលង្កា​បង្កើត​ការងារ​ ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​ពង្រីក​ពាណិជ្ជកម្ម​។

​លោក​បាន​បន្ថែម​ថា​ ​ការ​វិនិយោគ​ទាំង​នេះ​នឹង​ជួយ​ឱ្យ​ប្រទេស​ទាំង​ពីរ​អាច​ទប់ទល់​នឹង​សម្ពាធ​បច្ចុប្បន្ន​ ​និង​មាន​ភាព​រឹងមាំ​ជាង​មុន​នៅពេល​ប្រឈម​នឹង​វិបត្តិ​នា​ពេល​អនាគត​។

​កញ្ចប់​ហិរញ្ញប្បទាន​នេះ​រួមបញ្ចូល​ទាំង​ការ​គាំទ្រ​បន្ទាន់​សម្រាប់​វិបត្តិ ​និង​កំណែទម្រង់​សេដ្ឋកិច្ច​រយៈពេល​វែង​។ ​សម្រាប់​កម្ពុជា​ ​ADB​ ​នឹង​ផ្តល់​ប្រាក់​កម្ចី ​២៥០​ ​លាន​ដុល្លារ​ តាមរយៈ​កម្មវិធី​ ​Rapid​ ​Intervention​ ​for​ ​Stabilization​ ​of​ ​the​ ​Economy​ ​(​RISE​) ​ខណៈ​ស្រីលង្កា​នឹង​ទទួលបាន​ប្រាក់​កម្ចី​ផ្អែក​លើ​គោលនយោបាយ​ចំនួន​ ​២០០​ ​លាន​ដុល្លារ​ សម្រាប់​កម្មវិធី​អភិវឌ្ឍ​ពាណិជ្ជកម្ម​ វិនិយោគ​ ​និង​ឧស្សាហកម្ម​។

​នៅ​កម្ពុជា​ ​កម្មវិធី​ ​RISE​ ​នឹង​ផ្តល់​មូលនិធិ​សម្រាប់​វិធានការ​សារពើពន្ធ​បណ្តោះអាសន្ន ​និង​មាន​គោលដៅ​ច្បាស់លាស់​ ​ព្រមទាំង​ការពារ​ការ​ចំណាយ​សង្គម​ដែល​បាន​គ្រោង​ទុក​ក្នុង​ថវិកា​ជាតិ​ឆ្នាំ​២០២៦​។ ​កម្មវិធី​នេះ​ក៏​នឹង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​ស្អាត​ផងដែរ​។

​គ្រួសារ​ក្រីក្រ​ជាង​ ​១​ ​លាន​គ្រួសារ​ ​ដែល​បាន​ចុះបញ្ជី​ក្នុង​កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ​(​IDPoor​) ​របស់​រាជ​រដ្ឋាភិបាល​ ​នឹង​ទទួលបាន​ការ​គាំទ្រ​ប្រាក់​ចំណូល​ ​ក្នុង​នោះ​មាន​គ្រួសារ​ដែល​មាន​ស្ត្រី​ជា​មេ​គ្រួសារ​យ៉ាងហោចណាស់​ ​៣៥០,០០០​ ​គ្រួសារ​។

​ជំនួយ​នេះ​ក៏​នឹង​រួមមាន​ការ​បន្ធូរបន្ថយ​បំណុល​ ​និង​ការ​គាំទ្រ​ធាតុ​ចូល​កសិកម្ម​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ផងដែរ​។

​ប្រាក់​កម្ចី ​២៥០​ ​លាន​ដុល្លារ​របស់​ ​ADB​ ​នឹង​ត្រូវបាន​បំពេញ​បន្ថែម​ដោយ​ហិរញ្ញប្បទាន​ដែល​មាន​ទំហំ​ស្មើនឹង​រហូតដល់​ ​២៥០​ ​លាន​ដុល្លារ​ ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ​(​AIIB​) ​និង​រហូតដល់​ ​១៨៨​ ​លាន​ដុល្លារ​ ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ ​(​JICA​)​។

​ជាមួយនឹង​ការ​រួមបញ្ចូល​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ ​កញ្ចប់​ហិរញ្ញប្បទាន​សរុប​សម្រាប់​កម្មវិធី​នេះ​អាច​ឈានដល់​ ​៦៨៨​ ​លាន​ដុល្លារ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times