ភ្នំពេញ៖ វិស័យបរធនបាលកិច្ចនៅកម្ពុជាបន្តមានការរីកចម្រើន ជាក់ស្តែងគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់មានចំនួន ១,៩៩៧ ករណី ជាមួយទំហំបរធនសរុបប្រមាណ ២.៦៩ ពាន់លានដុល្លារអាមេរិក។
តួលេខនេះត្រូវបានបង្ហាញនៅក្នុងវេទិកា «បរធនបាលកិច្ច ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមមូលបទ «បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ»។
វេទិកានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយក ន.ប.ធ. បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់វិស័យក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងចំណោមបរធនបាលកិច្ចចំនួន ១,៩៩៧ ករណី មានបរធនបាលកិច្ចអចលនវត្ថុចំនួន ១,០២៩ ករណី និងបរធនបាលកិច្ចសេវារក្សាទុក ឬសេវារក្សាសុវត្ថិភាពចំនួន ៨៣៧ ករណី។
ជាមួយគ្នានេះ ន.ប.ធ. បានផ្ដល់អាជ្ញាបណ្ណ ឬការទទួលស្គាល់ដល់ក្រុមហ៊ុនបរធនបាលចំនួន ១៨ ក្រុមហ៊ុន ធនាគារពាណិជ្ជចំនួន ៣០ ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក បរធនបាលរូបវន្តបុគ្គលចំនួន ៧៤ រូប ក្រុមហ៊ុនវាយតម្លៃចំនួន ១៩ និងក្រុមហ៊ុនផ្ដល់សេវាសវនកម្មចំនួន ១៥។
ក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់វិស័យបរធនបាលកិច្ច និងការចូលរួមរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងការជំរុញវិស័យនេះ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ទោះបីកម្ពុជាបន្តប្រឈមនឹងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់ និងសកល ក៏សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥,៣ ភាគរយក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចត្រូវបានវាយតម្លៃថាអាចសម្រេចបានប្រមាណ ៤,១ ភាគរយ ដោយសារផលប៉ះពាល់ពីស្ថានភាពសកល ការកើនថ្លៃប្រេងឥន្ធនៈ និងសម្ពាធអតិផរណា។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការអភិវឌ្ឍវិស័យបរធនបាលកិច្ចអាចជួយពង្រឹងវិស័យឯកជន តាមរយៈការបង្កើនទុនវិនិយោគក្នុងស្រុក និងការបង្កើតការងារ ព្រមទាំងជំរុញពិពិធកម្ម និងបរិយាបន្នហិរញ្ញវត្ថុ។ វិស័យនេះក៏អាចចូលរួមប្រឆាំងការសម្អាតប្រាក់ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការបង្កើនទំនុកចិត្តក្នុងទីផ្សារ និងការគ្រប់គ្រងហានិភ័យ។
ដើម្បីបន្តពង្រឹងវិស័យ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍គន្លឹះចំនួន ៥ រួមមាន ការដាក់ចេញវិធានការជាក់ស្តែង និងផែនការសកម្មភាពលម្អិត ការវិនិយោគលើការពង្រឹងសមត្ថភាពមូលធនមនុស្ស ការរក្សាស្តង់ដារអនុលោមភាព សុចរិតភាព អភិបាលកិច្ច តម្លាភាព និងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អនុសាសន៍ផ្សេងទៀតរួមមាន ការធ្វើពិពិធកម្មផលិតផលបរធនបាលកិច្ចឱ្យលើសពីបរធនបាលកិច្ចអចលនទ្រព្យ និងបង្ហូរទុនទៅកាន់សហគ្រាសក្នុងស្រុក ជាពិសេសសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់អភិបាលកិច្ច ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទំនុកចិត្តរបស់វិនិយោគិន។
វេទិកានេះក៏មានកិច្ចពិភាក្សាសំខាន់ៗចំនួន ៤ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍខេត្តប៉ូលសេដ្ឋកិច្ច និងយន្តការបរធនបាលកិច្ចក្នុងការទាក់ទាញវិនិយោគ ការបង្កើតបរធនបាលកិច្ចគ្រួសារ ការគ្រប់គ្រងហានិភ័យ និងកិច្ចគាំពារវិនិយោគិន ព្រមទាំងការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច។
បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែងទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុន ដើម្បីជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ស្របតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។
តាមប្រភពដដែល វិស័យនេះត្រូវបានចាត់ទុកថាមានសក្តានុពលក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញមូលនិធិសង្គម និងលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស៕
អត្ថបទ៖ ប៊ី







