ចំនួន​រោងចក្រ​នៅ​កម្ពុជា​កើន​ ​៨៤៥​ ​បង្កើត​ការងារ​ថ្មី​ជាង​ ​៩​ ​ម៉ឺន​កន្លែង​ក្នុង​ឆមាស​ទី ​១​

ភ្នំពេញ​៖​ ​ចំនួន​រោងចក្រ​នៅ​កម្ពុជា​បាន​កើនឡើង​ចំនួន​ ​៨៤៥​ ​រោងចក្រ ​និង​បាន​បង្កើត​ឱកាស​ការងារ​ថ្មី​ជាង​ ​៩​ម៉ឺន​កន្លែង​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​បន្ត​ទាក់ទាញ​ការ​វិនិយោគ​ ​និង​ការ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​។

​លោក​ ស៊ុន​ ​មេសា ​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​គូសបញ្ជាក់​នៅ​ថ្ងៃទី​៥​ ​ខែសីហា ​ឆ្នាំ​២០២៦​ថា​ ​ក្នុង​រយៈពេល​ ​៦​ខែ​ដើម​ឆ្នាំ​នេះ​ ​ចំនួន​រោងចក្រ​បាន​កើន​ពី​ ​៤៦​ ​៦៤៩​ ​រោងចក្រ ​ដល់​ ​៤៧​ ​៤៩៤​ ​រោងចក្រ ​ដែល​ជា​ការ​កើនឡើង​គួរឱ្យ​កត់សម្គាល់​ ​និង​បាន​បង្កើត​ឱកាស​ការងារ​ថ្មី​ជាង​ ​៩​ម៉ឺន​កន្លែង​ ​ជូន​ដល់​ប្រជាពលរដ្ឋ​ ​ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​ឧស្សាហកម្ម​។

​លោក​បន្ត​ថា​ ​ក្នុង​នោះ​ ​រោងចក្រ​ក្នុង​វិស័យ​វាយន​ភណ្ឌ ​កាត់ដេរ ​ផលិត​ស្បែកជើង​ និង​ផលិតផល​ធ្វើដំណើរ​ និង​កាបូប​ ​បាន​កើនឡើង​ពី ​២​ ​៧២៥​ ​រោងចក្រ ​ដល់​ ​២​ ​៨៩០​ ​រោងចក្រ​។

​លោក​ ស៊ុន​ ​មេសា ​បាន​លើកឡើង​ថា​ ​កំណើន​វិជ្ជមាន​នេះ​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​ក្នុង​ស្រុក​ និង​អន្តរជាតិ​មក​លើ​កម្ពុជា​ ​និង​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​ ​បើ​ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ក៏ដោយ​។

​អ្នកនាំពាក្យ​រូប​នេះ​មានប្រសាសន៍​ថា​៖​ ​«​ទោះបី​សេដ្ឋកិច្ច​ពិភពលោក​នៅ​បន្ត​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ក៏ដោយ​ ​កម្ពុជា​នៅតែ​អាច​ទាក់ទាញ​ការ​វិនិយោគ​ ​បង្កើន​ចំនួន​រោងចក្រ ​និង​បង្កើត​ការងារ​ថ្មី​ជាបន្តបន្ទាប់​ ​ហើយ​កំណើន​នេះ​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​លើ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ​គោលនយោបាយ​គាំទ្រ​វិនិយោគ​ ​និង​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​របស់​កម្ពុជា​»​។

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ​ការងារ​ថ្មី​ជាង​ ​៩​ម៉ឺន​កន្លែង​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​គឺជា​ភស្តុតាង​បញ្ជាក់​ថា​ ​កម្ពុជា​កំពុង​បន្ត​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ ​និង​ពង្រឹង​មូលដ្ឋាន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

​ជាមួយគ្នា​នេះ​ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​ ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ​និង​អតីត​ពលករ​ទាំងអស់​ ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​ តាមរយៈ​វេទិកា​ការងារ​ ​ឬ​ទាក់ទង​មក​លេខ​ ​១២៩៧​ ​ដែល​ផ្តល់​ប្រាក់​ចំណូល​សមរម្យ ​ធានា​បាន​នូវ​សុវត្ថិភាព​ ​ការ​ការពារ​សិទ្ធិ​ការងារ​ និង​អត្ថប្រយោជន៍​សង្គម​ស្រប​តាម​ច្បាប់​ជាធរមាន​ ​ជាជាង​ការ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ដែល​ធ្វើឱ្យ​ខាតបង់​ពេលវេលា​ ​និង​ថវិកា​ជាដើម​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times