ទីផ្សារ​មូលធន​កម្ពុជា​បង្ហាញ​សញ្ញា​វិជ្ជមាន​ ​ខណៈ​ការ​កៀរគរ​ទុន​ឆ្នាំ​២០២៦​ ​រំពឹង​ឈានដល់​ ​២​ ​ប៊ីលាន​ដុល្លារ​

ភ្នំពេញ​៖​ ​ការ​កៀរគរ​ទុន​តាមរយៈ​ទីផ្សារ​មូលបត្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦​ ត្រូវបាន​រំពឹង​ថា​ ​នឹង​កើន​ដល់​ប្រមាណ​ ​២​ ប៊ីលាន​ដុល្លារ​អាម៉េរិក ​ទាំង​ការ​បោះផ្សាយ​លក់​មូលបត្រ​ជាសាធារណៈ​ ​និង​ជា​ឯកជន ​ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​រីកចម្រើន​នៃ​ទីផ្សារ​មូលធន​កម្ពុជា​។

​ការ​លើកឡើង​នេះ​ ​ធ្វើឡើង​ដោយ​ ​ឯកឧត្តម​ ស៊ូ ​សុជាតិ​ ​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គ​នាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា​ ​(​ន​.ម​.ក​.​) ​ក្នុង​ពិធី​បើក​ វេទិកា​វិនិយោគិន​លើក​ទី​៦​ ​ស្តីពី​ «​ការ​សន្សំ​មូលបត្រ​» ​ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៥​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ដោយ​ ន​.ម​.ក​. ​សហការ​ជាមួយ​ក្រុមហ៊ុន​មូលបត្រ ​រ៉ូយ៉ាល់​គ្រុប​ ម​.ក​. ​និង​មាន​ការ​ចូលរួម​ពី​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​ផមក​.​)​។

​វេទិកា​នេះ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ប្រមាណ​ ​១០០​នាក់​ មកពី​និយ័តករ ​និង​អង្គភាព​ក្រោម​ឱវាទ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ (​អ.ស.​ហ.​) ​ក្នុង​គោលបំណង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​វិស័យ​មូលបត្រ ​និង​លើកកម្ពស់​ការ​យល់ដឹង​អំពី​ឱកាស​វិនិយោគ​នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​។

​ឯកឧត្តម​ ស៊ូ ​សុជាតិ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ដាក់​ឱ្យ​ដំណើរការ​ទីផ្សារ​មូលបត្រ​រដ្ឋ​ ​បាន​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​ ​និង​ពង្រឹង​ទីផ្សារ​មូលធន​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​។ ​ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​សាធារណជន​សាកល្បង​ចូលរួម​ទិញ​មូលបត្រ ​ឬ​តាមដាន​ការ​ចុះបញ្ជី​មូលបត្រ​ថ្មី​ ​ជាពិសេស​ក្នុង​ដំណាក់កាល​ ​IPO​ ​ដើម្បី​ស្វែងយល់​ពី​អត្ថប្រយោជន៍​ និង​ទទួលបាន​បទពិសោធន៍​វិនិយោគ​ជាក់ស្តែង​។

​ឯកឧត្តម​បន្ត​ថា​ ​កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​សិក្ខាកាម​ទទួលបាន​ចំណេះដឹង​ និង​បទពិសោធន៍​បន្ថែម​អំពី​ការ​វិនិយោគ​ ​និង​ការ​ជួញដូរ​ភាគហ៊ុន​ តាមរយៈ​ការ​អនុវត្ត​ជាក់ស្តែង​លើ​កម្មវិធី​ ​CSX​ ​Trade​ ​ព្រមទាំង​រួមចំណែក​លើកកម្ពស់​ការ​ចូលរួម​របស់​សាធារណជន​ក្នុង​ទីផ្សារ​មូលធន ​និង​ពង្រីក​សក្តានុពល​វិស័យ​មូលបត្រ​នៅ​កម្ពុជា​។

​ជាមួយគ្នា​នេះ​ លោក​ ​សេង ​ចាន់​ធឿន ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មូលបត្រ ​រ៉ូយ៉ាល់​គ្រុប​ ម​.ក​. ​បាន​ឱ្យដឹង​ថា​ ​វិនិយោគិន​ដែល​បើក​គណនី​ជាមួយ​ក្រុមហ៊ុន​ ​អាច​ធ្វើ​ការ​ជួញដូរ​ផលិតផល​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​ហើយ​នា​ពេល​ខាងមុខ​ ​នឹង​អាច​ជួញដូរ​នៅក្នុង​ទីផ្សារ​មូលបត្រ​អន្តរជាតិ​ផងដែរ​។

​លោក​បាន​ផ្តល់​អនុសាសន៍​ថា​ ​វិនិយោគិន​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ហានិភ័យ​ និង​ផល​ចំណេញ​ ​ស្វែងយល់​ពី​ស្ថានភាព​ក្រុមហ៊ុន​ចុះបញ្ជី​ ​និង​ទិសដៅ​វិនិយោគ​ ​ព្រមទាំង​គួរ​ប្រើប្រាស់​ប្រាក់​ដែល​នៅ​សេសសល់​សម្រាប់​វិនិយោគ ​ដោយ​ចៀសវាង​ការ​ខ្ចី​បំណុល ​ឬ​យក​ប្រាក់​ចំណាយ​ប្រចាំ​ថ្ងៃ​មក​វិនិយោគ​។​ លោក​បន្ថែម​ថា​ ​ការ​វិនិយោគ​អាច​ចាប់ផ្តើម​ពី​ទុន​តិចតួច ​ដើម្បី​សិក្សា​ពី​ចលនាទីផ្សារ​ ​មិន​ចាំបាច់​ត្រូវ​មាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​នោះ​ទេ​។​

ក្នុង​វេទិកា​នេះ​ផងដែរ​ សិក្ខាកាម​បាន​ចូលរួម​ពិភាក្សា​សួរ​ដេញដោល​ជាមួយ​វា​គ្មិន​ និង​អនុវត្ត​ការ​វិនិយោគ​ជាក់ស្តែង​តាមរយៈ​កម្មវិធី​ ​CSX​ ​Trade​ ​បន្ទាប់ពី​ទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន ​និង​គណនី​ជួញដូរ​ភ្លាម​ៗ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times