រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន ​ឯកភាព​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​​សម្រាប់​វិស័យ​ ​SMEs​

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ផ្នែក​កម្មន្ត​សាល ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​សេវាកម្ម​ ​បាន​ឯកភាព​លើ​វិធានការ​ជាក់លាក់​មួយចំនួន​ ​ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម ​និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ ​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​៤​ ​របស់​ក្រុមការងារ​ «​គ» ​នៃ​វេទិកា​រដ្ឋាភិបាល​–​ផ្នែក​ឯកជន​។

​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ ​ខែសីហា ​ឆ្នាំ​២០២៦​ ក្រោម​សហអធិបតីភាព​របស់​ ​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​និង​ឧកញ៉ា ​តែ​ ​តាំង​ប៉ ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​ផ្តោត​លើ​ការ​ពិនិត្យ​ ​និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​របស់​វិស័យ​កម្មន្ត​សាល ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​វិស័យ​សេវាកម្ម​។

​សមាគម​ឧកញ៉ា​កម្ពុជា​ ​ត្រូវបាន​តំណាង​ដោយ​ ​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​ សមាជិក​ក្រុមប្រឹក្សាភិបាល​ ​ដោយ​អនុវត្ត​តាម​ការ​ចាត់តាំង​របស់​អ្នក​ឧកញ៉ា ​គួន​ ធីតា ​អនុ​ប្រធាន​សមាគម​ទទួលបន្ទុក​ប្រចាំ​ខែសីហា ​និង​តាម​ការ​ណែនាំ​របស់​លោក​អ្នក​ឧកញ៉ា ​លី ​យ៉ុង​ផាត់​ ​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​។​

ក្នុង​កិច្ចប្រជុំ​ វិស័យ​ឯកជន​បាន​លើក​បញ្ហា​ប្រឈម​សំខាន់​ៗ​ចំនួន​ ​១៣​ ​ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​អាជីវកម្ម​ ​រួមមាន​ការ​នាំចូល​ ​និង​ផលិតកម្ម​អំបិល ​ការ​ទទួលបាន​ហិរញ្ញប្បទាន ​ការ​លើកទឹកចិត្ត​វិនិយោគ​ ​ថ្លៃ​អគ្គិសនី​ នីតិវិធី​ផ្តល់​អាជ្ញាបណ្ណ​អាជីវកម្ម​ ​ការ​អនុវត្ត​បទប្បញ្ញត្តិ​បរិស្ថាន​ ​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​ ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី ​ការ​បញ្ជាក់​ស្តង់ដា​ផលិតផល​ ការ​អភិវឌ្ឍ​សហគ្រាស​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​និង​ការ​ពង្រឹង​អនុលោម​ភាព​អាជីវកម្ម​លក់​អនឡាញ​។

​ថ្លែង​បើក​កិច្ចប្រជុំ​ ​ឯកឧត្តម​ ហែម​ វណ្ណឌី ​បាន​គូសបញ្ជាក់​ថា​ «​តម្លៃ​នៃ​យន្តការ​វេទិកា​រដ្ឋាភិបាល​–​ផ្នែក​ឯកជន​នេះ​ ​មិន​ស្ថិត​នៅលើ​ចំនួន​បញ្ហា​ដែល​ត្រូវបាន​លើកឡើង​នោះ​ទេ​ ​ប៉ុន្តែ​ស្ថិត​នៅលើ​សមត្ថភាព​ក្នុង​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​ដំណោះស្រាយ​ដែល​មាន​ភាព​ច្បាស់លាស់​ ​អាច​អនុវត្ត​ ​និង​តាមដាន​បាន​»​។

​លោក​បាន​បន្ថែម​ថា​ ​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជន​ ក្នុង​ករណី​ជាច្រើន​ ​កើត​ចេញ​ពី​គម្លាត​រវាង​គោលនយោបាយ​ ការ​អនុវត្ត​ ​និង​បទពិសោធន៍​ជាក់ស្តែង​របស់​ធុរកិច្ច​។

​ជា​លទ្ធផល​ ​អង្គប្រជុំ​បាន​ឯកភាព​លើ​វិធានការ​មួយចំនួន​ ​រួមមាន​ការ​បន្ត​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​ និង​រដ្ឋបាល​ ​ពន្លឿន​ឌីជីថលូបនីយកម្ម​សេវា​សាធារណៈ​ ​ពង្រឹង​ការ​គាំទ្រ​សហគ្រាស​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ពង្រីក​ការ​បណ្តុះបណ្តាល​ជំនាញ​ស្រប​តាម​តម្រូវការ​ឧស្សាហកម្ម​ ​ព្រមទាំង​គាំទ្រ​ផ្នែក​បច្ចេកទេស​ ហិរញ្ញវត្ថុ​ ​និង​ទីផ្សារ​ និង​កំណត់​យន្តការ​តាមដាន​ការ​អនុវត្ត​ ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​វិធានការ​ទាំងនោះ​។

​ការ​ចូលរួម​របស់​សមាគម​ឧកញ៉ា​កម្ពុជា​ ​ក្នុង​កិច្ចប្រជុំ​នេះ​ ត្រូវបាន​លើកឡើង​ថា​ ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សមាគម​ក្នុង​ការ​ធ្វើជា​ស្ពាន​តភ្ជាប់​រវាង​វិស័យ​ឯកជន ​និង​រាជ​រដ្ឋាភិបាល​ ​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times