ដំណឹងល្អ! ផ្លែទុរេនខែ្មរកាន់តែមានទីផ្សារ និងអាចនាំចេញទៅកាន់ប្រទេសចិន តាមរយៈឆ្លងកាត់ប្រទេសឡាវ

ផ្លែទុរេនកម្ពុជានឹងកាន់តែមានទីផ្សារខ្លាំងឡើង បន្ទាប់ពីកម្ពុជា និងឡាវ បានសម្រេចបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន។

កាលពីថ្ងៃទី ២២ មិថុនា ២០២៦ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនផងដែរ។

ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានបង្ហាញការសាទរចំពោះការសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។

ឯកឧត្តម​ រដ្ឋមន្ត្រី បានឱ្យដឹងថា នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្តម​ ឌិត​ ទីណា បានថ្លែងថា៖«នេះគឺសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន»។

​បើតាមក្រសួងកសិកម្មបច្ចុប្បន្ននេះ ផ្ទៃដីដាំទុរេននៅកម្ពុជា មានទំហំ ១៦ ១៩៣ ហិកតា។ ចំណែក ចម្ការទុរេនដែលត្រូវបានចុះបញ្ជីទទួលស្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ដោយត្រង់ពីកម្ពុជា ទៅកាន់ទីផ្សារចិន ចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ទីតាំង​​ ប៉ុន្តែក្រុមហ៊ុនខ្លះមិនទាន់អាចបំពេញលក្ខខណ្ឌបាននៅឡើយ ទើបក្រុមហ៊ុនមិនទាន់ហ៊ាននាំចេញ​៕

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ ប៊ី